ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូនៅខេត្តព្រះសីហនុស្លាប់២នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១~១៨២ នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោង9.30នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ០១គ្រឿង ម៉ាក TOYOTA HIACE ពណ៌ស ភ្នំពេញ 2AK.2340 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅ ភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ រថយន្តបានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុក ម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ស គ្មានស្លាកលេខ ដែលមានទិសដៅ ផ្ទុយគ្នា បើកបរដោយឈ្មោះ លី រ៉ៃមាន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូនលូយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ ឈ្មោះ នី រ៉ៃមាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅដូចអ្នកបើកបរខាងលើបណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖