ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ រដ្ឋបាលខណ្ឌច្បារអំពៅបានបើកសិក្ខាសាលា២ថ្ងៃគីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីជនបង្គោលមកពីសង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តកម្មវិធីនេះ ។
ថ្លែងនៅក្នុងកម្មវិធីសិក្សាសាលានេះដែរលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមាអាយុក្រោម២ឆ្នាំ និងផ្តល់ជំនាញបណ្តុះបណ្តាលដើម្បីពង្រឹងជំនាញសម្របសម្រួលអោយកាន់តែមានប្រសិទ្ធភាព ។ ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ចែកចេញជា២ដំណាក់កាល ។ ដំណាក់កាលទី១ ជាដំណាក់អន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធីទៅអោយក្រសួងសុខាភិបាលដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចាប់ពីខែមករា ឆ្នាំ២០២០តទៅ ។
លោកនាយករដ្ឋបាលបានបន្តថា កម្មវិធីនេះត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះថ្នាក់ជាតិមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផែនការ ។ នៅថ្នាក់ក្រោមជាតិមានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា មន្ទីរសុខាភិបាល និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ។
នៅចុងបញ្ចប់នៃកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅប្រតិបត្តិគោល និងប្រព័ន្ធគ្រប់គ្រងពត៍មាន សម្រាប់កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ រយៈពេលពីថ្ងៃនេះ លោកនាយករដ្ឋបាលមានសង្ឃឹមថា ក្នុរយៈពេល២ថ្ងៃនេះ លោក លោកស្រី និងទទួលបានចំណេះដឹង និងជំនាញបណ្តុះបណ្តាលថ្មីៗបន្ថែមទៀតដែលអាចជួយដល់លោក លោកស្រី ដែលជាជនបង្គោលថ្នាក់សង្កាត់ មានសត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្ត ៕ សណ្តោស