ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខស្ទើរតែមួយខណ្ឌទៅហើយ បាននាំគ្នាដេញតាមចាប់បុរសម្នាក់ជាអ្នករត់ឡំប្រឺតា ខណៈដែលនិស្សិតស្រីវ័យក្មេងម្នាក់ បានទូរស័ព្ទប្រាប់សមត្ថកិច្ចមិនច្បាស់លាស់ នៃរឿងហេតុដែលរូបគេបាត់ទូរស័ព្ទដៃមួយគ្រឿងកាលពីរយៈពេល២ថ្ងៃមុន ពេលនាង ចេញពីទទួលសញ្ញាបត្រនៅឯម្តុំផ្សារទំនើបអ៊ីអន ជាមួយ និងសង្សារ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចការដ្ឋានសំណង់សាងសង់ប៊ូយ៉ុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៍មានពីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពី២ថ្ងៃមុននារីម្នាក់(ជនរងគ្រោះ) ខណៈដែលនាងចេញពីទទួលសញ្ញាប័ត្រនៅឯម្តុំផ្សារទំនើបអ៊ីអន ជាមួយនិងសង្សារ បានហៅឡំប្រឺតាខាងលើជិះ ហើយមិនដឹងថាបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 7ផ្លើស នៅកន្លែងណានោះទេ ។ លុះនៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នាងទៅបើកស៊ីមថ្មីប្រើ ស្រាប់តែលេខទូរស័ព្ទដែលនាងបាត់នោះ មានគេតេទូរស័ព្ទខ្លួនចូលធ្វើឲ្យកើតការសង្ស័យទើបនាងទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍តែម្ដង ។ ដោយយោងតាមប្រព័ន្ធAppឡំប្រឺតាកំពុងដំណើរការតាមទូរស័ព្ទ ទើបសមត្ថកិច្ចខណ្ឌសែនសុខ ជួយធ្វើអន្តរាគមន៍ដេញតាមឃាត់ខ្លួនបុរសម្នាក់ ជាអ្នករត់ឡំប្រឺតា មួយគ្រឿង ពណ៌ស កំពុងបើកដឹកម៉ូយធ្វើដំណើរ ពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សីបានភ្លាមៗនិងបង្កការភ្ញាក់ផ្អើលផងដែរ ។
ក្រោយឃាត់ខ្លួនយកមកសាកសួរទើបសមត្ថកិច្ចដឹងថាជាការយល់ច្រទ្បំ ព្រោះរឿងនេះនារីរងគ្រោះមិនដឹងបាត់ទូរស័ព្ទនៅកន្លែងណានោះទេ ហើយកាលពី២ថ្ងៃមុននាងបានហៅឡំប្រឺតាបុរសសង្ស័យខាងលើជិះផងដែរ ប៉ុន្តែពេលដែលនាងទៅបើកស៊ីមថ្មីប្រើ ស្រាប់តែមានគេតេទូរស័ព្ទខ្លួនចូលទើបធ្វើឲ្យនាងកើតការសង្ស័យ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍តែម្ដង ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះ ក៏បានសុំទោសដល់អ្នករត់ម៉ូតូឡំប្រឺតាផងដែរ រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ចន្ទ លីហ្សា