ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី ថារឿង ប្រពន្ធខ្ញុំស្រឡាញ់ស្រី ពិបាកសម្តែងបំផុត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លោក ជាសុវណ្ណ នរាហ៍ និង អ្នកនាងសុខ សោម៉ាវត្តី បានជួបគ្នាជាថ្មីហើយក្នុងភាពយន្ត រឿង “ប្រពន្ធខ្ញុំស្រឡាញ់ស្រី” ។ ភាពយន្តនេះត្រូវបានតារាសម្តែងស្រីលើកឡើងថាពិបាកនឹងបញ្ចូលអារម្មណ៍សម្តែងខ្លាំង ព្រោះតែត្រូវសម្តែងជាតួអង្គចរិកបែបមនុស្សប្រុសនោះ ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលផលិតកម្ម LD Picture បានសម្ពោធប្រកាសចាក់បញ្ចាំងភាពយន្តខាងលើ កាលពីរាត្រីថ្ងៃទី១៧ ខែធ្នូ នេះនៅរោងភាពយន្តឡេជេនស៊ីធីម៉ល ក្រោមវត្តមានសិល្បករជាច្រើនចូលរួម ។ តួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ថា ក្នុងរឿងនាងត្រូវសម្តែងជាតួអង្គមនុស្សស្រីចរិកប្រុស ហើយមានស្នេហានឹងមនុស្សស្រី ប៉ុន្តែចុងក្រោយនាងបែជាស្រឡាញ់តួប្រុសវិញ ។

នាងថា ទោះជាកន្លងមកនាងធ្លាប់សម្តែងជាតួអង្គចរិកបែបមនុស្សប្រុសប៉ុន្តែមានបែបទន់ភ្លន់ច្រើនជាមនុស្សស្រីទើបតែរឿងនេះមានអារម្មណ៍ថា តានតឹងខ្លាំង ដែលត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបញ្ជាក់ថា សប្បាយចិត្តដែលជួបដៃគូសម្តែងចាស់យល់ចិត្តច្រើនទើបអាចធ្វើឲ្យការសម្តែងល្អប្រសើរ និងមានឈុតឆាកកំប្លែងបង្កប់ដោយទស្សនៈអប់រំមួយចំនួន ។

ថ្លែងបញ្ជាក់ជាមួយគ្នានេះដែរ លោក ជា សុវណ្ណនរាហ៍ បានលើកឡើងថា មិនមានបញ្ហាប្រឈមច្រើនសម្រាប់លោកទេពេលជួបដៃគូចាស់ ។ លោកថា ជាភាពយន្តសម្រិតសម្រាំងថ្មី ពីផលិតករ លោកបានដាក់ក្តីរំពឹងថា អ្នកគាំទ្រលោក ក៏ដូចជាស្នាដៃផលិតកម្មLD Picture ពិតជាពេញចិត្តស្នាដៃថ្មីមួយនេះដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់ ។

គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង នាឡិការដាស់វិញ្ញាណ ប្រកបដោយជោគជ័យនៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗបន្តបន្ទាប់ទៀត ។ ផលិតកម្មនេះមានភាពយន្តជាច្រើននៅក្នុងដៃដែលទើបញ្ចប់ការផលិត ហើយបាននិងកំពុងផលិត ៕ វឌ្ឍនា


ចែករំលែក៖