ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយមក ក៏បាត់បង់ជីវិត គ្រាដែលដឹកយកទៅរកការជួយសង្រ្គោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ។
បុរសដែលស្លាប់នេះ ត្រូវបានគេស្គាល់ឈ្មោះ ហេង តូច អាយុ៣០ឆ្នាំ នៅភូមិគោកព្នៅ ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែកជនដៃដល់សង្ស័យជាឃាតក ឈ្មោះ អាត់ ចន្ទ្រា ភេទ ប្រុសអាយុ ២៦ឆ្នាំ មានប្រពន្ធនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី មានស្រុកកំណើតនៅភូមិ ដង្កោរពេន ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ថា នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ និងជនដៃដល់បានផឹស៊ីជាមួយគ្នា នៅក្នុងភូមិអូរធំ ឃុំបន្ទាយនាង ហើយបានទាស់ពាក្សសំដីគ្នាយ៉ាងខ្លាំង ពេលនោះជនដៃដល់ឈ្មោះអាត ចន្ទ្រា ក៏បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះហេង តូច ត្រូវចំក្បាល ថ្ពាល់ ភ្នែក និងធ្លាយបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាង និងសាច់ញាតិដល់យកមកជួយសង្រ្គោះ ពេលមកដល់មន្ទីរពេទ្យរយៈពេល១ម៉ោង បានស្លាប់ ។
ចំណែកជនសង្ស័យក្រោយពីធ្វើ សកម្មភាពរួចបានរត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងករណីឃាតកម្មនេះ លោកឧត្តសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាល ស្រុកមង្គលបូរី ត្រូវតាមចាប់យកជនដៃដល់ឈ្មោះអាត ចន្ទ្រា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ វណ្ណា