ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ខ្ចីទូរស័ព្ទដៃយកទៅបញ្ចាំហើយគេចខ្លួនបាន៤ថ្ងៃ ។ ជនសង្ស័យឃាត់ខ្លួននៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ដេត ប៊ុនម៉ា ភេទប្រុស អាយុ ១៨ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ឃាត់ខ្លួននៅតាមផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ តាំង ផេងអេង ភេទប្រុស អាយុ ១៣ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ២-ឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ ១៧ មុខរបរលក់បាយ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃ០២ (១-ម៉ាកអាយហ្វូនស៊ីចភ្លើស និងម៉ាកoppo ០១គ្រឿង ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជួលបន្ទប់ស្នាក់នៅជិតគ្នាហើយជនសង្ស័យបានឲ្យបក្ខពួកគេម្នាក់ទៀតទៅខ្ចីទូរស័ព្ទពីជនរងគ្រោះដោយប្រាប់ថា លេងឆាតមួយភ្លេត ហើយក៏យកទៅបាត់ ។ ក្រោយមកទៀតជនសង្ស័យឈ្មោះ ដេត ប៊ុនម៉ា បានទៅខ្ចីទូរស័ព្ទដៃពីជនរងគ្រោះម្នាក់ទៀតដែលបានថាយកទៅដកលុយពីកន្លែងវីងហើយក៏យកទៅបញ្ចាំបាត់ទៅ ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ក៏ឃាត់ខ្លួនយកមកប្រគាល់ឲ្យសមត្ថកិច្ចតែម្តងចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចាន់លីហ្សា