ព័ត៌មានទាន់ហេតុការណ៍៖

រំលោភចៅចុងខ្លួនឯងបានសម្រេច៣ដង ចុងក្រោយដឹងដល់ប្រពន្ធ ប្តឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ចិត្តឃោរឃៅម្នាក់ រំលោភចៅចុងខ្លួនឯង៣ដង ហើយបានគំរាមហាមមិនឲ្យចៅស្រីប្រាប់អ្នកណាឲ្យសោះ តែទោះខំលាក់បាំងយ៉ាងណា ក៏នៅមិនជិត ធ្វើឲ្យប្រពន្ធជនសង្ស័យដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះដឹងនូវអំពើស្មោគគ្រោគ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមនីតិវិធី ។ ករណីរំលោភសេពន្ថវៈនេះ បានកើតឡើងក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងផ្ទះឈ្មោះ ធុល សុម៉ៃ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុច សុខ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាជីតាចៅនឹងគ្នា មានទីលំនៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា កន្លងមកក្មេងស្រីរងគ្រោះបានរស់នៅជាមួយជីតានិងជីដូន រហូតមកដល់ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យជាជីតា បានរំលោភក្មេងស្រីរងគ្រោះ ត្រូវជាចៅស្រីចុងខ្លួនឯង ដោយគំរាមមិនឲ្យនិយាយប្រាប់អ្នកណាឲ្យដឹងនោះទេ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ជីដូនឈ្មោះធុល សុម៉ៃ ឃើញសកម្មភាពប្ដីរបស់ខ្លួនជាជនសង្ស័យដែលត្រូវជាជីតាចុងរបស់ជនរងគ្រោះមានអាកប្បកិរិយាជាមួយចៅខុសប្រក្រតីហើយនិងឃើញសភាពចៅមានអាការៈស្លេកស្លាំង ក៏បាននាំចៅទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហើយធ្វើការសួរនាំ ទើបក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ជីដូនថា ជនសង្ស័យជាជីតាបានធ្វើបាបចាប់រំលោភនាងចំនួន៣ លើកមកហើយ តាំងពីខែវិច្ឆិកាមក ។ បន្ទាប់មកទើបជីដូនបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងដើម្បីចាត់ការតាមច្បាប់ ។

ករណីនេះ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងបាននាំជនសង្ស័យឈ្មោះធុច សុខ មកកាន់អធិការដ្ឋានដើម្បីបន្តចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖