ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងបាវិតថ្លែងអំណរគុណដល់ADB ផ្តល់ថវិកា ៧លានដុល្លារ សម្រាប់សាងសង់ប្រពន្ធ័លូរំដោះទឹកភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងគ្រប់ភាគីដែលពាក់ពន្ធ័ទាំងអស់រាល់គម្រោងអភិវឌ្ឍន៍ក្រុង ដើម្បីធ្វើយ៉ាងឲ្យមូលដ្ឋានក្រុងបាវិត មានការរីកចម្រើន ជាពិសេសពលរដ្ឋមានផលប៉ះពាល់ សូមមានការយោគយល់ អធ្យាស្រ័យក្នុងការអនុវត្តគម្រោង ព្រមទាំងមិនត្រូវបង្ហូរទឹកស្អុយចូលលូ រំដោះទឹកភ្លៀងនេះជាដាច់ខាត ព្រោះនាំឲ្យកង្វក់ដល់ទឹកព្រែក ។

ការថ្លែងអំពាវនាវបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកការដ្ឋានសាងសង់លូរំដោះទឹកភ្លៀងក្រុងបាវិត ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ដែលប្រើមានរយៈពេលសាងសង់ ១២ខែ និងចំណាយថវិការប្រមាណ ៧លានដុល្លារ ជាគម្រោងស្ថាបនារបស់ធនាគាអភិវឌ្ឍន៍អាស៉ី (ADB) ឆ្លងកាត់៣ភូមិ គឺភូមិបាវិតលើ បាវិតកណ្តាល និងច្រកលាវ ។

លោក បានថ្លែងបន្តទៀតថា ការបើកការដ្ឋាននៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ ដែលជាគម្រោងកំពុងត្រូវបានអនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។ ហើយគម្រោងនេះ មានការគាំទ្រហិរញ្ញប្បទាន ពីដៃគូរអភិវឌ្ឍន៍ធនាគារអភិវឌ្ឍន៍អាស៉ី មានគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការបំពុលបរិស្ថាន ដែលបានកើតឡើងពីកំណើនប្រជាពលរដ្ឋ និងកំណើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងចំនួន៤ រួមមានបាវិត អ្នកលឿង បាត់ដំបង និងប៉ោយប៉ែត ។ «ទីក្រុងទាំងនេះមានទីតាំងស្ថិតនៅតាមបណ្តោយក្រុងរបៀង សេដ្ឋកិច្ចភាគខាងត្បូង ។ អនុគម្រោងហេដ្ឋារចនាសម្ពន្ធ័ចំនួនដប់ ត្រូវបានសិក្សាដាក់បញ្ចូលទៅក្នុងការអនុវត្ត នៅក្នុងក្រុងទាំង៤នេះ» ។ អភិបាលក្រុងបាវិត គូសបញ្ជាក់ ។

លោកបានបញ្ជាក់ថា ក្រុងបាវិតបានទទួលអនុគម្រោងចំនួនបី ដោយអនុគម្រោងទី១ គឺជាអនុគម្រោងសាងសង់ទីលានញែកសំរាម អនុគម្រោងទី២ គឺជាអនុគម្រោងស្តារឡើងវិញ នូវផ្លូវជាតិក្នុងក្រុងបាវិត ដល់ព្រំដែនប្រទេសវៀតណាម និងអនុគម្រោងទី៣ គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងបាវិត ។ លោកបានទៀតថា បច្ចុប្បន្នការស្ថាបនាទីលានញែកសំរាមត្រូវបានបញ្ចប់រួចរាល់ (លើកលែងតែផ្នែកសាងសង់បន្ថែម )ហើយការសាងសង់ផ្លូវក្នុងក្រុង បានបញ្ចប់ប្រមាណ៧៥% និងប្រពន្ធ័លូរំដោះទឹកភ្លៀង ទើបតែបានចាប់ផ្តើមអនុវត្តន៍ និងមានការបើកការដ្ឋាននាថ្ងៃនេះ ។

លោកបានបន្តថា ក្នុងនាមអាជ្ញាធរក្រុងបាវិត នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៉ី ដើម្បីអនុវត្តន៍គម្រោងខាងមុខបន្តបន្ទាប់ទៀត ដែលនឹងរួមបញ្ចូលទាំងគម្រោងចម្រោះទឹកកង្វក់ និងទីលានចាក់សំរាមដែលកំពុងសិក្សា និងត្រូវអនុវត្តន៍នាពេលខាងមុខដ៏ខ្លីនេះផងដែរ ៕យឹម សុថាន


ចែករំលែក៖