ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងវាយបំផ្លាញសម្ភារក្នុងផ្ទះ និងគំរាមកំហែងថានឹងសម្លាប់ម្ដាយមីងខ្លួនឯង ត្រូវសមត្ថិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់វាយបំផ្លិចបំផ្លាញសម្ភារះក្នុងផ្ទះរបស់ម្ដាយមីងខ្លួនឯងខូចខាតអស់មួយចំនួន និងគំរាមកំហែងថានឹងសម្លាប់ម្ដាយមីងទៀតផង ព្រោះតែជនសង្ស័យជាក្មួយរូបនេះ ផឹកស្រាស្រវឹង និងមានសារធាតុញៀនក្នុងខ្លួន នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។ ករណីនេះ បានកើតឡើងវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដេត ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកជរងគ្រោះឈ្មោះ ឡុយ ញ៉ឹង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរមុខរបរ:កសិករ ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាម្ដាយមីងនឹងក្មួយ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានដាវចំនួន១ដើមធ្វើអំពីដែក និងស្នាប់ដៃចំនួន០១គ្រឿងធ្វើពីដែក ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើ ឲ្យតែផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀន តែងរករឿងបំផ្លិចបំផ្លាញសម្ភារក្នុងផ្ទះជាញឹកញាប់ ហើយគំរាមកំហែងស្រ្តីជាម្ដាយមីងថានឹងសម្លាប់ទៀតផង ។ លុះមកដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានមកពីផឹកស្រាស្រវឹងបានមកសួររកយកដាវដែលពូជនសង្ស័យលួចយកលាក់ទុក តែពូជនសង្ស័យមិនតបតទៅវិញទេ ភ្លាមនោះជនសង្ស័យខឹង ក៏បានស្ទុះវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរបស់របរនៅក្នុងផ្ទះហើយបាននិយាយពាក្យគំរាមគហែងថា និងសម្លាប់ម្ដាយមីងថែមទៀត ជាហេតុធ្វើឲ្យស្ត្រីជាម្ដាយមីងខ្លាចមិនហ៊ាននៅផ្ទះទេ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើរួច ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំបានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿង និងចាត់ការបន្ដតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖