ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និង លោក ផាន់ ចាន់ធុល អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន អញ្ជើញចុះទស្សនកិច្ចសិក្សា ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ១ (ភ្នំបេង) ។
កម្មវិធីនេះលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាល ខេត្ដប៉ៃលិន បានចាត់តាំងឲ្យ លោកវរសេនីយ៍ឯក ស្រី សាម៉ុន ស្នងការរង រួចជាមួយលោកវរសេនីយ៍ឯក អ៊ុំ នន មេបញ្ជាការវរ:សេនាតូចលេខ៨២១ អមដំណើរក្នុងកិច្ចទស្សនកិច្ចសិក្សា ក្នុងការចុះកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។ ជាពិសេស លោក ឧត្ដមសេនីយ៍ឯក ក៏បានចុះមើលជុំវិញបរិវេណ ទីបញ្ជាការវរសេនាតូចលេខ១ (ភ្នំបេង) ដូចជា សួនច្បារបន្លែ កន្លែងចញ្ចឹមសត្វ ស្រះចញ្ចឹមត្រី -ល- ។
ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ លោក ផាន់ ចាន់ធុល អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរអរគុណដល់គណៈប្រតិភូដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងក្រោមឱវាទនូវតាំជួរបន្ទាត់ព្រំដែន និងបានជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីជាម្លប់សម្រាប់ដឹកនាំកងកម្លាំងក្នុងការការពារជាតិមាតុភូមិ ។
កិច្ចបន្ទាប់នៃកម្មវិធី លោក ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ក៏មានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់កងកម្លាំងទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឲ្យបានល្អដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ លើសពីនេះ លោក ក៏បានឲ្យមេបញ្ជាការ មេបញ្ជាការរង ថែរក្សា និងធ្វើលានដ្ឋានបន្ថែមដើម្បីធានានូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ៕ ស សារ៉េត