ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ និងពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ ក្លិនស្អុយអាជីវកម្មធ្វើមាស គំនរសំរាមនៅជុំវិញផ្សារអូរឫស្សី និងអាជីវកម្មបាញ់ថ្នាំរថយន្ដ នៅសង្កាត់អូរឫស្សី៣

ចែករំលែក៖

ភ្នំពេញ៖ ព្រះសង្ឃ និងពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំឲ្យអាជ្ញាធរជួយ ដោះស្រាយរឿងអ្នកបើកអាជីវកម្មធ្វើមាស អ្នកបាញ់ថ្នាំរថយន្ដ ជួយរុះរើតូបលក់កាសែត នៅជុំវិញវត្ដសំពៅមាស និងគំនរសំរាមនៅជុំ វិញផ្សារអូរឫស្សី ។ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរ បែបនេះ នៅក្នុងវេទិការសាធារណៈ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ។

លោក អ៊ំ សាង ដាហ៊ីម រស់នៅសង្កាត់បឹងព្រលិត បានស្នើសុំឲ្យអាជ្ញាធរ ក្រុង ខណ្ឌ ជួយពន្លឿនការស្នើ សុំផ្ទេរសិទ្ធិប្រថាប់ត្រា កុំឲ្យយូរពេក កន្លងមកនេះ លោកទៅផ្ទេរសិទ្ធិ សង្កាត់ខណ្ឌ ពន្ធដាខណ្ឌ រាប់ខែមិនាទាន់បានទៀត ដោយឡែករឿងបង់ប្រាក់លោកមិនប្រកែកទេ ប៉ុន្មានក៏លោកព្រមបង់ដែរ តែឲ្យបានលឿនបានហើយ ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមធានាថានឹងយកសំណើ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូនព្រម ទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់ លោក លោកស្រីវិញតាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់នូវលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមាន បញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅតាមខណ្ឌទាំង១៤ ត្រូវបានបញ្ចប់ ។

លោក បានបន្ដថា៖រាល់សំនួរ សំណើ និងសំណូម ពររបស់អស់លោក លោកស្រីទៅពិនិត្យ និងពិចារណា ព្រមទាំងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ ខណ្ឌនៃរាជធានី ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងកែលម្អ ការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៏ស៊ីជម្រៅ និងជាក់លាក់ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាពដែលអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅសាលារាជធានីភ្នំពេញ ក៏ដូចជានៅតាមសាលាខណ្ឌទាំង១៤ គឺ យើងបានបង្កើតច្រកចេញ ចូលតែមួយ និងការិយា ល័យរបស់ប្រជាពលរដ្ឋ ដែលអាចបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ចិត្តព្រមទាំងអាចកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕ សំរិត


ចែករំលែក៖