ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានជំរុញឲ្យគ្រូបង្រៀន ទាំងអស់ មុនបង្រៀនសិស្ស ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃ ភេសជ្ជៈផ្អែម និងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យតាមបណ្ដាសាលារៀនទាំងឯកជនទាំងសាលារដ្ឋត្រូវធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃ ភេសជ្ជៈផ្អែម និងគ្រឿងញៀន ពោលគឺលោកគ្រូ អ្នកគ្រូ មុនពេលបង្ហាត់បង្រៀនសិស្ស ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃ ភេសជ្ជៈផ្អែម និងគ្រឿងញៀនអោយបានជាប់ជាប្រចាំនិងរាល់ថ្ងៃដល់សិស្សានុសិស្ស។

លោក ឃួង ស្រេង បានជំរុញបែបនេះក្នុងអង្គប្រជុំស្តីពីការទប់ស្កាត់ការលក់នំចំណីផ្លែម និងភេសជ្ជៈផ្អែមនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ឆ្នាំ ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះនៅលើពិភពលោកជំងឺលើសជាតិស្ករ ទឹកនោមផ្អែមបាននិងកំពុងប្រឈមយ៉ាងខ្លាំង ក្នុងនោះនៅក្នុងប្រទេសកម្ពុជាក៏បានប្រឈមនឹងជំងឺនេះផងដែរដោយសារតែការប្រើប្រាស់ជាតិស្ករច្រើនលើសការកំណត់និងការប្រើប្រាស់សារធាតុគីមីនៅក្នុងចំណីអាហារ។ ការប្រើប្រាស់បែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព ។ ដោយ មើលឃើញពីបញ្ហាប្រឈមនេះទើបរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសុខាភិបាល បានបង្កើតឲ្យមានកម្មវិធីមួយ ផ្សព្វផ្សាយនៅតាមសាលារៀន លើការកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈដើម្បីឲ្យ សិស្សានុសិស្សទាំងអស់មានការជ្រួតជ្រាបនិងបាន
ប្រុងប្រយ័ត្នពីផលប៉ះពាល់សុខភាពនេះ ។

លោកឃួង ស្រេង ក៏បានធ្វើការជំរុញឲ្យមានការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃភេសជ្ជៈផ្អែមនេះឲ្យបានទូលំទូលាយនៅតាមសាលារៀន ដោយត្រូវធ្វើយ៉ាងណាអោយលោកគ្រូអ្នកគ្រូទាំងអស់ មុនចាប់ផ្តើមបង្រៀនសិស្សត្រូវតែធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមនិងគ្រឿងញៀនជាមុនសិន ដើម្បីឲ្យសិស្សានុសិស្សទាំងអស់បានយល់ជ្រោតជ្រាបនិងមានការប្រុងប្រយ័ត្ន។

លោកបន្តទៀតថា ដើម្បីជំរុញអោយការងារនេះទទួលជោគជ័យ មន្ទីរសុខាភិបាលនិងមន្ទីរអប់រំ ត្រូវតែរួមសហការគ្នាធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមនេះអោយបានទូលំទូលាយ មិនថានៅតាមសាលារៀន បញ្ជ្រាបទៅអោយអាណាព្យាបាលសិស្សនិងនៅតាមទីសាធារណៈឡើយ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលដែលយើង ទទួលទានភេសជ្ជៈផ្អែម ធ្វើឲ្យពួកយើងមានអារម្មណ៍មិនឃ្លាន និងបរិភោគអាហារតិចជាងមុន។ជាមធ្យមសូដា ភេស ជ្ជះ ផ្អែម១កំប៉ុង មានជាតិស្ករ ប្រមាណ១០ ស្លាប ព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ ៦ ស្លាបព្រាកាហ្វេក្នុង ១ ថ្ងៃ។ ការបរិភោគភេសជ្ជៈផ្អែម អាចកើតមានហានិភ័យ ការធាត់ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូងជាដើម ៕ សំរិត


ចែករំលែក៖