ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡេកមើលសិល្បករ ដែលបាត់បង់ជីវិត ក្នុងឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ ឆ្នាំ ២០១៩ មានសិល្បករក្មេងចាស់ដែលមានស្នាដៃ និងកេរឈ្មោះល្បីល្បាញជាច្រើនរូបបានទទួលមរណភាពដែលបន្សល់ទុកនូការសោកស្តាយជាខ្លាំងពីមហាជន។ សិល្បករទាំងនោះមានដូចជា ៖

១. អ្នកគ្រូ គង់ ណារី
ជាសិល្បករជើងចាស់ អ្នកគ្រូ គង់ ណារី គឺ​ជា​អតីត​​​គ្រូបង្ហាត់សិល្បៈប្រចាំនៅ​ក្នុងវិទ្យាល័យវត្តកោះ ដោយអ្នកគ្រូ​មានជំនាញបង្ហាញ​ផ្នែក​​របាំ ពិធីករ ​ចម្រៀង និង​កំណាព្យ ហើយបាន​​​​​​បណ្ដុះតារា​សិល្បៈជាច្រើន​រូប​ឲ្យក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។ ​​​វិរៈសិល្បការិនីជើង​​ចាស់ល្បីឈ្មោះ អ្នកគ្រូ គង់ ណារី បានទទួលមរណភាព​​យ៉ាង​គួរឲ្យសោកស្ដាយ​បំផុត​ ​​​កាលពីរសៀលថ្ងៃទី​​២០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបាន​ចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​ព្រះ​កុសុមៈអស់ច្រើនថ្ងៃ ​​ដោយជំងឺក្រិនថ្លើម និងទាចទឹក។

២. លោកសាស្ត្រាចារ្យ ផ្លុង មឿក
លោក ផ្លុង មឿក ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៦​ឆ្នាំ កាល​ពី ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​ជម្ងឺ​រោគា​ពាធ។ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ លោកតា ផ្លុង មឿក ធ្លាក់ខ្លួន​ឈឺធ្ងន់​ជាច្រើនឆ្នាំ​មកហើយ។ ឯ​ភរិយា​របស់​លោក​ក៏បាន​ទទួល​មរណភាព​កាលពីឆ្នាំ​២០១៧​ផងដែរ។

៣. តារាកំប្លែង ធូ ចំរ៉ុង ហៅនាយ សានម៉ៅ
តារា​កំប្លែង​ល្បីឈ្មោះ​ ​នាយ​សាន​ម៉ៅ​បានទទួល​មរណភាព​ហើយ​កាលពី ​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩ ​ក្នុង​អាយុ​៦០​ឆ្នាំ​ ដោយ​សារ​តែ​ស្ទះ​បំពង់ខ្យល់​ ក៏​គាំងបេះដូង​ស្លាប់​នៅមន្ទីរពេទ្យខេត្តអ៊ូប៊ុន ប្រទេសថៃ។ ​ មរណភាពរបស់លោកបានបន្សល់ទុកនូវក្តីអាឡោះអាល័ខ្លាំងសម្រាប់អ្នករួមអាជីពដ៏ដូចជាមហាជន។

៤.សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​
​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជាស​មា​ជិ​កា​ក្រុមប្រឹក្សា​ធម្មនុញ្ញសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បាន​យាង​សោយ​ទីវង្គតក្នុង​ព្រះជន្មាយុ​៧៦​ព្រះវស្សា​ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​រោគា​ពាធ។ ព្រះគុណូបការៈទាំងឡាយ ដែលសម្តេច បានលះបង់អស់ព្រះបញ្ញាញាណ និងកម្លាំងព្រះកាយពល ដើម្បីវប្បធម៌ជាតិ ជាពិសេសលើវិស័យសិល្បៈ។

៥.តារាកំប្លែង នាយស្មាញ
តារាកំប្លែងនាយ ស្មាញ បានទទួលមរណៈភាព ដោយការគ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃសៅរិ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ កែង៣០ម៉ែត្រ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពតារាកំប្លែងល្បី វ័យ៦៨ឆ្នាំរូបនេះត្រូវបានតំកល់ធ្វើបុណ្យ នៅភូមិព្រែកហូរ ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងការសោកស្ដាយ មរណៈភាពរបស់តារាកំប្លែងរូបនេះផងដែរ។

៦.លោក ស៊ិន សេដ្ឋកុល
លោក ស៊ិន សេដ្ឋ​កុល ត្រូវជា​កូនបង្កើត​លោក ស៊ិន ច័ន្ទ​ឆា​យ៉ា និង​ជា​ចៅ​បង្កើត​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត បាន​ទទួល​មរណភាព​កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារ​ជំងឺ ដាច់​សរសៃ​ឈាម​ខួរក្បាល ក្នុង​ជន្មាយុ ៣៨ឆ្នាំ ។ មរណភាពរបស់លោកបានបន្សល់ទុកនូវការសោកស្តាយ និងអាណិតខ្លាំងក្រោយពីដឹងថាភរិយាលោកទើបនឹងសម្រាលបានបុត្រម្នាក់មានវ័យទើបជាង១ខែ៕ វឌ្ឍនា


ចែករំលែក៖