ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ នៅអមតាមផ្លូវរថភ្លើង ត្រូវបានអគ្គិភ័យ ឆេះអស់១៥១ខ្នង បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សភាពជាក់ស្តែង លំនៅឋានពលរដ្ឋ នៅអមតាមផ្លូវដែកខាងលើ សុទ្ធតែផ្ទះឈើ ប្រក់ស័ង្កសី គ្មានសណ្តាប់ធ្នាប់ ខណៈដែលទទួលរងគ្គិភ័យឆាបឆេះ រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ ក៏ប៉ុន្តែ ផ្លូវតូចចង្អែត រថយន្តចូលមិនរួច ភ្លើងឆេះខ្លាំង សន្ធោសន្ធៅ អស់រយៈពេលច្រើនម៉ោង ឆេះអស់១៥១ខ្នង ទាំងស្រុងតែម្តង ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់គាត់ជាអ្នកធ្វើនំលក់ ផ្ទះជាប់ និងផ្ទះឆេះដំបូងគេរូបគាត់កំពង់តែធ្វើនំ ស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីខាងក្រោយផ្ទះលក់បាយគាត់ ក៏រត់ចេញមកខាងក្រៅស្រែកឆោឡោផ្អើល ដល់ប្រជាពរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុរួចក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងមកបាញ់ពន្លត់ ជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះមិនមានមនុស្សរងរបួសនោះទេ ដោយរងការខូចខាតសម្ភារមួយចំនួនធំ និងផ្ទះប្រជាពរដ្ឋ១៥១ ខ្នងជាងត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែផេះ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលើបណ្តាលមកពីឆ្លងចន្តអគ្គិសនី ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿង និងប្រើប្រាស់អស់ទឹក៤១ឡានអគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅម៉ោង៣ និង១០រំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល៕ សរស្មី