ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះអស់មួយខ្នងគ្មានសល់ ដោយសារធ្វេសប្រហែសដុតភ្លើងធូបចោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះសន្ធរសន្ធៅគ្មានសល់ និងបានបន្សល់តែផេះជូនម្ចាស់ផ្ទះ ចំណែកម្ចាស់ផ្ទះមានតែអង្គុយទ្រហោយំរៀបរាប់ពីការសោកស្តាយ នូវកំហុសរបស់ខ្លួន ដែលមានការធ្វេស ប្រហែស និងប្រមាថដោយការដុតធូបទៀនចោល មិនមានការអើពើ បណ្តាលឲ្យភ្លើងធូបបាក់ធ្លាក់មកកម្រាល ឆាបឆេះផ្ទះសម្បែង រួមទាំងសម្ភារជាច្រើនមុខ ឲ្យក្លាយជាផេះតែក្នុងប៉ព្រិចភ្នែក។

ហេតុការណ៍ អគ្គិបានប្រល័យផ្ទះមួយខ្នងនេះ បានកើតឡើងចំពោះគ្រួសារកសិករមួយ ឈ្មោះ វ៉ា សុខា ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពី វេលាម៉ោង០៨:០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ផ្ទះមានទំហំ ៤មx៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បានខូចខាត ទូរទស្សន៍ចំនួន០១គ្រឿង, អាគុយចំនួន០១គ្រឿង, សូឡាចំនួន០១ផ្ទាំង ម៉ាស៊ីនដេរចំនួន០១គ្រឿង, ស្រូវចំនួន០៣បេ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងពេលកើតហេតុ ក៏ដូចជាបានទទួលព័ត៌មាន ថាមានករណី ភ្លើងឆេះផ្ទះនោះ គឺរថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុកប្រាសាទបល្ល័ង្គ ដែលបានត្រៀម២៤ម៉ោង លើ២៤ ម៉ោង មិនបានវិលកង់សូម្បីតែមួយចង្អាម ដើម្បីចេញទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយបានអះអាងថា ទទួលបាន ព័ត៌មានយឺតយ៉ាវពេក ដោយមិនបានត្រៀមតៃកុង និងប្រេង ។

ចំណែកមូលហេតុ បណ្តាលឲ្យឆេះផ្ទះនេះគឺត្រូវបានសមត្ថកិច្ចសន្មត់ថា មកពីភ្លើងធូបចង្រៃវាលួចដុត រួមជាមួយនឹងការធ្វេសប្រហែស ទើបអគ្គិភ័យទាំងស្រុង ៕ ប៊ុន រិទ្ធី


ចែករំលែក៖