ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោក លើទឹកប្រាក់ប្រមាណ១លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោក លើទឹកប្រាក់ប្រមាណ១ លានដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ) »។

ជនសង្ស័យទាំងពីរនាក់ ១. ឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ និង ២.ឈ្មោះ ស៊ៃ សេត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះម្នាក់ ឈ្មោះ ហែម គន្ធាម។ ការឃាត់ខ្លួននោះ ខណៈដែលពួកគេបានចូលឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជនសង្ស័យទាំង២នាក់ ត្រូវបាន លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឆបោក តាមរូបភាពចេញសែកស្អុយ។

ក្រោយពេលតំណាងអយ្យការចោទប្រកាន់ហើយ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននោះ។ បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឆបោកប្រាក់ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមច្រើននាក់ តាមរូបភាពយកលុយពីដើមបណ្ដឹងទៅរកស៊ីបង្វិលដោយឲ្យការប្រាក់ខ្ពស់ ទីបំផុតវ័ណ្ឌក ទាល់ច្រកទើបចេញសែកស្អុយសងទៅម្ចាស់ប្រាក់ ដែលការចេញមូលប្បទានប័ត្រមិនមានសាច់ប្រាក់បែបនេះជាបទល្មើសព្រហ្មទណ្ឌត្រូវប្រឈមមុខជាប់ពន្ធនាគារ និងសងបំណុលទាំងអស់មកវិញ ៕ ស រស្មី


ចែករំលែក៖