ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានគំនុំខឹងប្រពន្ធមិនឲ្យលុយ៥ពាន់រៀលជាច្រើនថ្ងៃមកហើយដាច់ចិត្ត ដុតផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសជាប្ដី ដែលឃាត់ខ្លួនមានឈ្មោះ ឡេង ចិត្ត អាយុ៤១ឆ្នាំ មុខរបរកសិករ នៅភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ។
ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ជញ្ជាំងស្លឹកចំណែកសម្ភារ និងទ្រព្យសម្បត្តិដែលខូចខាតរួមមានស្រូវចំនួន៥០តៅ អង្ករចំនួន៩តៅ ទូរទស្សន៍មួយគ្រឿង និងសំលៀកបំពាក់ប្រើប្រាស់មួយចំនួនធំ ។
តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឲ្យប្ដីដុតផ្ទះខ្លួនឯងដោយសារតែនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានមកសុំលុយគាត់ចំនួន៥ពាន់រៀល ប៉ុន្តែគាត់មិនឲ្យក៏មានរឿងរកាំរកូសនិយាយចេះតែមានជម្លោះរហូតដល់យប់កើតហេតុតែម្ដង ។
បច្ចុប្បន្ន ជនសង្សយ័ជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាល ឃុំម្រាមកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន