ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំលួចលាក់ជួញដូរ និងលក់សត្វព្រៃដុះស្លែរខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចូលក្រសោបចាប់បានសត្វព្រៃជិតមួយពាន់ក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ទីតាំលួចលាក់ជួញដូរ និងលក់សត្វព្រៃដុះស្លែរខេត្តកំពង់ធំ របស់លោក ចេង ថែន ត្រូវបានបង្រ្កាប និងបានរំដោះសត្វព្រៃបានជិត១០០០ក្បាល ក្រោមកណ្តាប់ដៃរបស់ សមត្ថកិច្ចអង្គការ វ៉ាយអេត ដឹកនាំការចុះបង្រ្កាបដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ដោយមានការចូលរួម មន្រ្តីរាជរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្រ្តីប៉ុស្តិ៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ចុះឆែកឆេរផ្ទះស្តុកជួញដូរសត្វព្រៃ ស្ថិតនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០។

តាមការអះអាងរបស់ សមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃ បានបញ្ជាក់ថា មុនឈានដល់ការបង្រ្កាប គឺបានបើកការស៊ើបអង្កេតមកជាយូរមកហើយ លុះមុនថ្ងៃបង្រ្កាបសមត្ថកិច្ចបានហ៊ុមព័ទ្ធទីតាំងផ្ទះនេះ មុនមួយថ្ងៃ ដោយខ្លាចមានការដឹកជញ្ជូនសត្វព្រៃចេញទៅវៀតណាម ក៏បានឯកភាពចុះឆែកឆេរក៏ប្រទះឃើញមាន សត្វព្រៃជាច្រើនក្នុងពេលនេះ តែម្ចាស់ផ្ទះនៅតែមានសំណាងល្អជានិច្ចសម្រាប់អ្នកមានលុយ ក៏បានរត់គេច ខ្លួនតាមទម្លាប់ បណ្តោយឲ្យសមត្ថកិច្ចចុះឆែកឆេរតាមសប្បាយ ដោយមិនបាច់ខ្លាចក្រែង ដោយសារគ្មាននណារម្នាក់នៅចាំផ្ទះឡើយ សមត្ថកិច្ចបានព្យាយាមទំនាក់ទំនងម្ចាស់ផ្ទះ តែម្ចាស់ផ្ទះថា យកកូនមកមន្ទីរពេទ្យ សៀមរាប ចុះហេតុអ្វីបានជាដូចណាត់គ្នាម្ល៉េះ ។

លទ្ធផលនៃការដឹកនាំបង្រ្កាបរំដោះសត្វព្រៃ ដែលត្រូវបានមហាជនរិះគន់ថា ទីតាំងនេះបានប្រកបមុខរបរនេះ មកយូឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ ទើបតែពេលនេះ អស់ល័ក្ខណ ត្រូវបាន អង្គការវ៉ាយអេត អញ្ជើញសមត្ថកិច្ចមូលដ្ឋាន ឲ្យចួលរួមជាសាក្សីនៃការបង្រ្កាបសត្វព្រៃ ក្នុងនោះសមត្ថកិច្ចបានឆែកឆេរផ្ទះសង្ស័យលួចលាក់ស្តុក និងជួញដូរសត្វព្រៃ ដែលមានម្ចាស់ផ្ទះឈ្មោះ ចេង ថែន ភេទប្រុស អាយុ៣៤ ឆ្នាំ មានមុខរបរជួញ ដូរសត្វព្រៃជាអាជីប រឹបអូសបានសត្វព្រៃ សត្វប្រវឹក៤៦៦ក្បាល សត្វស្វា៥៥ក្បាល ពស់ចាន់ល្មម២ក្បាល សំពោជក្រអូប៣ក្បាល សត្វទាំងនេះត្រូវបានដឹកយកទៅភ្នំពេញ ដើម្បីជួយសង្រ្គោះ ឲ្យរស់នៅបែបធម្មជាតិ។

សមត្ថកិច្ចដែលបានចុះបង្រ្កាបសត្វព្រៃបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចមកដល់ គឺពុំប្រទះឃើញម្ចាស់ផ្ទះ សូម្បីតែម្នាក់នៅចាំផ្ទះនោះឡើយ តែដោយយើងមានសមត្ថកិច្ចចម្រុះ ថែមដឹកនាំដោយលោក ព្រះរាជអាជ្ញា រងខេត្តកំពង់ធំ គឺបានត្រឹមតែប្រមូលសត្វព្រៃទាំងអស់ ដាក់លើឡានចំនួន៣ឡាន ដឹកចេញទៅសង្រ្គោះអាជ្ញាជីវិត ចំណែកម្ចាស់ផ្ទះឈ្មោះ ចេង ថែន បានរត់គេចខ្លួន និងត្រូវបានកសាងសំណុំរឿងចោទប្រកាន់ ការជួញដូរសត្វព្រៃដោយខុសច្បាប់ទៅតុលាការ ៕ ប៊ុន រិទ្ធី


ចែករំលែក៖