ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿង ម្ចាស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី កោះពេជ្រ នាំកូនចៅជាង១០នាក់ ដេញកាប់ចាក់គេយ៉ាងព្រៃផ្សៃ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្មីៗនេះមានករណីឃ្លីបវិដេអូមួយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោក ឈុន ធារ៉ា ដែលគេស្គាល់ថា ជាម្ចាស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី កោះពេជ្រ បាននាំកូនចៅជាង១០នាក់ ដេញកាប់ចាក់បុគ្គលិកហាង រីវើ សាយ យ៉ាងព្រៃផ្សៃជាទីបំផុត រហូតធ្វើឲ្យជនរងគ្រោះប្រថុយជីវិតលោតពីកម្ពស់ជាង១០ម៉ែត្រ ដើម្បីគេចខ្លួន ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

នេះបើតាមសម្តីរបស់លោក សៀង ម៉េងលី ម្ចាស់ហាងផឹកស៊ី រីវើ សាយ តាមពាក្យបណ្តឹងដែលបានដាក់ទៅខាងកងរាជអាវុធហត្ថ ឲ្យជួយរកយុត្តិធម៌ ។

ហេតុការណ៍ហិង្សាដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយក្នុងកោះពេជ្រ ឈ្មោះ រីវើ សាយ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ ។

ជនរងគ្រោះក្នុងករណីនេះ ថ្លែងថា នៅយប់កើតហេតុ គឺ គេបានចូលបន្ទប់ជិតហាង ក៏ឃើញបុគ្គលិករបស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី ម្នាក់ចូលសម្ងំក្នុងបន្ទប់ទឹកបិទភ្លើង រួចកេះដៃកេស ដែលទំនងជាកំពុងជក់គ្រឿងញៀន ។

ពេលនេះខ្លួនបានប្រាប់សន្តិសុខនៅមុខបន្ទប់ទឹកនេះ តែបក្ខពួកគេម្នាក់ដែលចាំមុខបន្ទប់ បានឈ្លោះគ្នា និង ទាញដាវសាំម៉ូរ៉ៃ បម្រុងកាប់មកលើខ្លួន ពេលនោះខ្លួនបានគេចខ្លួនមកហាងវិញ ។ ក្រោយមក ក្រុមជនល្មើស ជាង១០នាក់ ដឹកនាំដោយថៅកែហាង បានមកព្រួតវៃកាប់ចាក់ពេញហាងតែម្តង ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបថា បុគ្គលិកហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី ភាគច្រើន សង្ស័យបានប្រើប្រាស់គ្រឿងញៀន ដោយសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងបើកការស៊ើបអង្កេត ។

ទោះបីយ៉ាងណា ភាគីម្ចាស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី ក៏បានប្តឹងភាគីបុគ្គលិកហាងផឹកស៊ី រីវើ សាយ វិញផង ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ៕ស រស្មី


ចែករំលែក៖