ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងឈានមកដល់ក្នុងថ្ងៃខាងមុខនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូទៅជូនពរឆ្នាំថ្មី ដល់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០។
ក្នុងមតិសំណេះសំណាលប្រកបដោយភាតរភាព ស្និទ្ធស្នាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យថ្នាក់ដឹកនាំអគ្គបញ្ជាការ បានជូនពរបវរមហាប្រសើរជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ពប្រជាជនវៀតណាម ក្នុងឱកាសឆ្នាំថ្មីឆ្នាំនេះ សូមមានសេចក្តីសុខចម្រើនគ្រប់ៗគ្នា ពិសេសសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនៅស្ថិតស្ថេរយូរអង្វែង។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងពីព្រឹត្តិការណ៍ថ្មីៗកន្លងមកនេះ នោះគឺការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤១ឆ្នាំ ថ្ងៃជ័យជម្នះ៧មករាជាប្រវត្តិសាស្ត្រ ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះនាយឧត្ដមសេនីយ៍ បានបញ្ជាក់ពីការចងចាំ និងដឹងគុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ពិសេសកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។
នាយឧត្ដមសេនីយ៍បន្តថា មកដល់បច្ចុប្បន្ននេះ ក្នុងដំណាក់កាលដែលកម្ពុជាទទួលបានសុខសន្តិភាព វៀតណាមនៅតែបន្តជួយកម្ពុជាលើគ្រប់មធ្យោបាយ ទាំងសម្ភារៈ គ្រឿងបំពាក់ សំខាន់បំផុតនោះគឺការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ។
ជាកិច្ចឆ្លើយតប លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណចំពោះគណៈប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោក បានចាត់ទុកថានេះគឺជាការរម្លឹកនូវចំណងសាមគ្គីភាព មិត្តភាពជាបងប្អូនក្នុងនាមប្រទេសជិតខាងល្អ ហើយកាន់តែពង្រឹងពង្រីកឲ្យល្អប្រសើរថែមទៀត នូវចំណងទាក់ទង កិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋាភិបាល កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។
លោក ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងពីព្រឹត្តិការណ៍នានានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងនោះព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ គឺការធ្វើលំហាត់រួមគ្នានៃកិច្ចការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ជាមួយនោះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ ដល់កិច្ចសហការល្អក្នុងការរុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា៕ សុខ ខេមរា