ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរ ធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់លើការដោះ ស្រាយសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញបង្ហាញពីស្នាដៃរបស់ខ្លួន ដាក់ក្នុងរបាយការណ៍ឲ្យបានច្បាស់លាស់ លើការដោះស្រាយសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ហើយបើដោះមិនបាន សូមបញ្ជាក់ពីមូលហេតុថាតើ នៅសេសសល់បញ្ហាអី ហើយត្រូវបន្តដោះស្រាយឲ្យបានក្នុងឆ្នាំថ្មី២០២០នេះ ជាពិសេសលើពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ។

ការស្នើបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលា រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹង ប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញលើការបង្រាប និងខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានសំរេចបានស្នាដៃធំធេង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់,ខណ្ឌដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ,ការបង្កភាពអនាធិតេយ្យ,បញ្ហាសណ្តាប់ ធ្នាប់តាមដងផ្លូវសាធារណៈ, បញ្ហាចរាចរណ៍និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយអោយទទួលបានលទ្ធផលល្អក្នុងឆ្នាំថ្មីនេះ។

ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបាន បង្ហាញសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋ បាលរាជធានីភ្នំពេញដែលមាន១៨៩ទំព័រដើម្បីដាក់ជូនក្រុមប្រឹក្សាពិភាក្សា និងអនុម័តដែលជាលទ្ធផលនៃការអនុវត្តកាងារគ្រប់ វិស័យរបស់រដ្ឋបាលរាជធានីភ្នំ ពេញក្នុងរយះពេលមួយឆ្នាំ២០១៩កន្លងមក ៕ សំរិត


ចែករំលែក៖