ព័ត៌មានទាន់ហេតុការណ៍៖

ឈើក្លុំ និងផ្ចឹកចំនួន១០កំណាត់ធំៗ ដែលក្រុមឈ្មួញយកមកលាក់ទុកនៅចំការស្វាយចន្ទី ត្រូវលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ ដកទុក៣កំណាត់ នៅសល់តែ៧កំណាត់ទើបបញ្ជូន

ចែករំលែក៖

ខេត្តរតនគិរី ៖ ឈើប្រភេទក្លុំ និងឈើផ្ចឹកប្រមាណ១០កំណាត់ មានមុខកាត់៣០គុណ៤០សង់ទីម៉ែត្រ ប្រវែង២.៥០ម៉ែត្រ/ទៅ៣.០០/ ម៉ែត្រ ដែលឈ្មួញដឹកមកគររាយប៉ាយនៅក្រោមចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យជាក់ស្តែង ប៉ុន្តែអ្វីតែពលរដ្ឋហួសចិត្តនោះ គឺលោកឌឹម ជឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ ដកទុក៣កំណាត់ នៅសល់តែ៧កំណាត់ទើបបញ្ជូនមករក្សាទុកនៅអធិការស្រុក ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាគំនរកំណាត់ឈើរាយប៉ាយទាំងនេះ កន្លងមកឃើញតែឈ្មួញដឹកជញ្ជូនឈើពីគ្រប់ទីកន្លែងមកផ្ញើក្បែរៗប៉ុស្តិ៍នគរបាលនេះ ក្រោយមកគំនរឈើទាំងនោះ ក៏ស្រាប់តែបាត់អស់ទៅ មិនដឹងថាទៅលិចឬទៅកើតទៅជើងឬទៅត្បូងនោះទេ ខណៈដែលលោកឌឹម ជឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ មិនមានការបង្ក្រាបនោះឡើយ ។

ប្រភពដដែលបន្តថា ក្រោយទទួលបានសេចក្ដីរាយការណ៍នេះរួចមក, នៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ គេឃើញកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ ចុះទៅទីតាំងស្តុកឈើនោះ ដោយប្រមូល និងរឹបអូសយកមករក្សាទុកនៅអធិការស្រុកអូរយ៉ាដាវតែម្តង ។

ប្រជាពលរដ្ឋបានញ្ជាក់ទៀតថា ក្នុងការរឹបអូសឈើទាំងអស់នោះ គេឃើញនៅសល់ឈើចំនួន៣កំណាត់ធំៗទៀតដែលលោកឌឹម ជឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ បានដកទុក ខណៈឈើទាំងអស់សរុបមានចំនួន១០កំណាត់ដែលត្រូវរឹបអូសនោះ ។ ដោយឡែកលោក ឌឹម ជឿន ដកទុក៣កំណាត់នេះ នៅសល់តែ៧កំណាត់ប៉ុណ្ណោះត្រូវដឹកបញ្ជូនទៅរក្សាទុកនៅអធិការ តើហេតុអីឈើទៅដល់អធិការស្រុកអូរយ៉ាដាវគ្រប់ចំនួន១០កំណាត់ដដែល? ដោយសារលោកនាយប៉ុស្តិ៍ ឌឹម ជឿន ចេះច្នៃប្រឌិតឲ្យគេអារឈើណាវែងកាត់ចេញជាពីរៗកំណាត់ ធ្វើយ៉ាងណាឲ្យគ្រប់ចំនួន១០កំណាត់តាមរបាយការណ៍ជូនទៅលោកអធិការជាការស្រេច។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចទំនាក់ទំនង លោក ឌឹម ជឿននាយប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃ សុំការបំភ្លឺបានឡើយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ៕ សតារា


ចែករំលែក៖