ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញជីករណ្តៅដីលក់ដល់ក្បាលប្រេតនៅបឹងតាមោក ឈានដល់ឃើញគ្រាប់បែកហើយ មិនរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរទៀត ចុះបើផ្ទុះវិញ..?

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នឈ្មួញបានកាយអាចម៍ដីលក់ស្ទើរអនាធិបតេយ្យ ជីកកាយជ្រៅៗ ចង់ឃើញក្បាលប្រែតទៅហើយ ខណៈជំនាញ អាជ្ញាធរធូរលុង នឹងពាក់ព័ន្ធបញ្ហាផលប្រយោជន៍ខ្លះផងក៏មិនដឹង..? ការដឹកជញ្ជូនទៀតសោត បង្កហានីភ័យបំផុតដល់អ្នកដំណើរ ខណៈពួកគេច្រើនយកកំណាត់ផ្លូវកប់ស្រូវ ,ផ្លូវកម្ពុជា-ហាណូយ បើកប្រជែងគ្នាដូចឡានប្រណាំង ក្នុងល្បឿនលឿន និងហុយពេញផ្លូវ ប៉ៈពាល់ដល់អ្នកដទៃ ។

ថ្មីៗនេះ ឈ្មួញកាយដីលក់ដល់ក្បាលប្រែតនៅបឹងតាមោក ឈានដល់ឃើញគ្រាប់បែកហើយ មិនរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរទៀត ចុះបើផ្ទុះវិញ..? ពួកគេនឹងធ្វើអោយពលរដ្ឋជាច្រើនអាចរបួស គ្រោះថ្នាក់ដល់ជីវិត ហើយអ្នកណាទទួលខុសត្រូវចំពោះជនរងគ្រោះ ។

លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) Cambodian Mine Action Centre ក៏បានហួសចិត្តនឹងទង្វើរបស់ក្រុមឈ្មួញកាយអាចម៍ដីលក់ ហេតុអីឃើញគ្រាប់កាំជ្រួចហើយ នៅតែកាយដីជុំវិញគ្រាប់ មិនព្រមរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរ ជំនាញ ចុះបើមានករណីផ្ទុះ..?

នៅលើ Facebook ផ្លូវការ របស់លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) Cambodian Mine Action Centre បានលើកឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ថា៖ មិនមែនគ្រាប់កាំជ្រួញត្រៀមបាញ់អ្វីនោះទេ​ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ​ ហេីយនៅពេលអភិវឌ្ឍន៍ជាយក្រុងភ្នំពេញជីករណ្តៅដីក៏ប្រទះឃេីញតែម្តង ។ លោកបន្តថា៖ ប្រហែលមេក្រុមហ៊ុនជីកដីនិងអ្នកជីកដីនោះជំនាញខាងដោះគ្រាប់ហេីយមេីលទៅ​ បានជាឃេីញគ្រាប់បែកទំហំធំជាមនុស្សពេញវ័យទៅទៀត​ នៅតែបន្តជីកដោយងគ្មានញញេីតគ្រោះថ្នាក់សោះតែម្តង ។ បេីមានការផ្ទុះកេីតឡេីងគឺថា​ គ្រឿងចក្រនិងរថយន្តដូចក្តាមក្នុងរណ្តៅដីនោះ​ ប្រហែលគ្រោះថ្នាក់ធ្ងន់និងខូចខាតថៅកែរត់ចោលស្រុកមិនខា​ននៅពេលមានមនុស្សស្លាប់និងរបួសនោះ! (ថ្ងៃអាទិត្យ​ទី១២​ ខែមករា​ ២០២០)! ។

ជុំវិញបញ្ហានេះ គួរអាជ្ញាធរខណ្ឌព្រែកព្នៅ រឹតបន្តឹងអោយមានការគោរពច្បាប់ ករណីជីករណ្តៅដី ធ្វើតាមការកំណត់នៃលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងការកំណត់របស់ជំនាញរ៉ែ និងឋាមពល ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕ សុខ ខេមរា


ចែករំលែក៖