ភ្នំពេញ៖ ក្នុងកំឡុងពេលបុគ្គលិកស៊ីនទ្រីធ្វើបាតុកម្ម មិនបានប្រមូលសំរាម ជាហេតុធ្វើឲ្យសំរាមមានការកកស្ទះក្នុងមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាសំរាមនេះឲ្យទាន់ពេលវេលា រហូតដល់បុគ្គលិកចូលបម្រើការវិញ នៅថ្ងៃទី១០.១១ ខែមករា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្ដី សហការជាមួយសង្កាត់ទាំង៦ កម្លាំងសណ្តាប់ធ្នាប់ ប្រើប្រាស់ឡានបន្ថែម ជាមួយក្រុមហ៊ុន ស៊ីនទ្រី ប្តូរវេណទាំងថ្ងៃទាំងយប់ ធ្វើការប្រមូលសំរាម ធ្វើយ៉ាងណាមិនឲ្យមានការកកស្ទះ ដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងរយៈពេលអន្តរកាលដែលប្រមូលសំរាមដោយអាជ្ញាធរផ្ទាល់នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម វេចខ្ចប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមយកមកទុកឲ្យដាក់ឲ្យទៀងពេល ដើម្បីមានភាពងាយស្រួលក្នុងការប្រមូលដាក់ឡានយកទៅទីលាន ។ សូមចូលរួមទាំងអស់គ្នា ដើម្បីសុខភាព សោភ័ណ្ឌភាព និងបរិស្ថាន ៕ ចាចាន់លីហ្សា