ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាវាយប្រពន្ធខ្លួនឯងបណ្ដាលឲ្យរបួសក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យដែលតែងផឹកស្រាស្រវឹងស្រាឥតស្រាកស្រាន្ដម្នាក់ ខណៈផឹកស្រាស្រវឹង បានវាយធ្វើបាបប្រពន្ធខ្លួនឯង បណ្ដាលឲ្យត្រូវក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ហើយរហូតដល់ថ្ងៃទី១៣ ខែមករា ទើបសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ។

មន្រ្ដីនគរបាលព្រហ្មទណ្ឌស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែន សុង ភេទ ប្រុស អាយុ៥២ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ សោ ស៊ីណាត ហៅច្រឹប ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិបឹងកណ្តាល ឃុំ ខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យជាប្ដីតែងផឹកស្រាស្រវឹងជាប្រចាំ ហើយតែងឈ្លោះទាស់ទែងជាមួយស្រ្ដីរងគ្រោះជាប្រពន្ធយ៉ាងញឹកញាប់ ។ លុះមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុ ជនសង្ស័យពុំដឹងជាផឹកស្រានៅកន្លែងណានោះទេ មកដល់ផ្ទះពុំដឹងជាមានមូលហេតុអ្វីបានវាយប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីវាយរួច ស្រ្ដីរងគ្រោះបានព្យាយាមលាក់បាំងមិនឲ្យកូនដឹងនោះទេ រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ទើបកូនស្រ្ដីរងគ្រោះដឹងថា ត្រូវជនសង្ស័យវាយ ក៏យកស្រ្ដីរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាម ដោយពិនិត្យឃើញថា ស្រ្ដីរងគ្រោះមានអការធ្ងន់ធ្ងរឈាមកកក្នុងខួក្បាល ពិបាកក្នុងការព្យាបាលអាចប៉ះពាល់ដល់អាយុជីវិត ។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញ ទទួលបានពាក្យបណ្ដឹងពីកូនស្រ្ដីរងគ្រោះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញស្រុកបានចុះមកធ្វើការចាប់ខ្លួនជនសង្ស័យជាប្ដី យកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖