ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបើកយុទ្ធនាការត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់សារធាតុញៀន នៅមុខវត្តចំប៉ា កំណត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
យុទ្ធនាការនេះដឹកនាំដោយលោកហ៊តគីមនី អភិបាលរងខណ្ឌ , លោកឡូ ភារម្យ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ដោយប្រើប្រាស់កម្លាំសរុប ជាង៤៤នាក់ រួមមាន, មន្ត្រី និងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ, កម្លាំងអធិការនគរបាលខណ្ឌកម្លាំងកងរាជអាវុធហត្ថខណ្ឌ ។
ជាលទ្ធផលបានត្រួតពិនិត្យអ្នកបើកបរ រថយន្តធុនធំរកសារធាតុញៀនបានចំនួនសរុប៤៧ គ្រឿង ក្នុងនោះរកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន ០៥ នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមច្បាប់ ។
លោកហ៊ត គីមនី អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់មនុស្សជាច្រើននាក់ ហើយនៅក្នុងនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តយកទៅពិនិត្យ ឃើញថាអ្នកបើករថយន្តភាគច្រើនគឺសុទ្ធតែមានសារធាតុញៀន ដូច្នេះលោកបានដឹកនាំកម្លាំងចម្រុះដើម្បីត្រួតពិនិត្យ និងស្វែងរកសារធាតុញៀននៅក្នុងខ្លួនអ្នកបើកបររថយន្តដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ។
លោកអភិបាលរងបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេបើរថយន្តធំណាដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បាំងវាងនននៅមុខកញ្ចក់ត្រូវតែបកចេញដើម្បីស្រួលងាយមើលទៅខាងមុខ ។
ដោយឡែកលោក ឡូ ភារម្យ អធិការរង ខណ្ឌច្បារអំពៅទទួលការងារគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានថាក្នុងការត្រួតពិនិត្យឆែកឆេរអ្នកបើកបររថយន្តប្រើប្រាស់សារធាតុញៀន កម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យរថយន្តចំនួន៤៧គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន៥នាក់ ដោយឡែករថយន្តទាំង៥គ្រឿងត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនអោយមកយកទៅវិញ ៕ សណ្តោស