ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ប៉ោយប៉ែត បើកការដ្ឋានពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូ ដើម្បីបញ្ចៀសកកស្ទះ

ចែករំលែក៖

ប៉ោយប៉ែត៖ ដើម្បីសម្រួលក្នុងការធ្វើដំណើរប្រកបរបរកស៊ីប្រចាំថ្ងៃរបស់ពលរដ្ឋ និងបញ្ចៀសការកកស្ទះទឹកជន់លិចនៅរដូវវស្សានាឆ្នាំ២០២០ខាងមុខ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋានយកគ្រឿងចក្រ​គាស់កកាយដីពង្រីកផ្លូវឲ្យបានទំហំទទឹង ៩,៥០ម៉ែត្រ ព្រោះកន្លងផ្លូវ ចាស់មានទំហំទទឹងតែ៦ម៉ែត្រ ប្រវែងប្រមាណ១០០០ម៉ែត្រ ដោយចាប់ពីមុខវត្តថ្មីមកដល់ព្រំប្រទល់សង្កាត់ផ្សារកណ្ដាល ត្រង់ចំណុចផ្លូវបំបែកជាបួន ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្លែងជាមួយអ្នកសារព័ត៌មាន លោកចៅសង្កាត់ប៉ោយប៉ែត​រងទី១ វ៉ា ជឹមណារេត បានបញ្ជាក់ថា សម្រាប់គោលនយោបាយក្រុមប្រឹក្សា សង្កាត់ បានដាក់ចេញគឺរដ្ឋបាលសង្កាត់ប៉ោយប៉ែត តែងតែមានការយកចិត្តទុកដាក់ និងបានទទួលការណែនាំពីលោកអភិបាលក្រុង និងខេត្ត និងថ្នាក់ជាតិបានដឹកនាំ ជួយបំពេញកាតព្វកិច្ច និងបំពេញភារកិច្ចផ្ទាល់ខ្លួនក្នុងមូលដ្ឋានដូចជាមានហេដ្ឋារចនាសម្ពន្ធតាមសេវ៉ាតម្រូវការ និងតាមសំណូមពររបស់ពលរដ្ឋ នៅសង្កាត់ប៉ោយប៉ែត ក្នុងឆ្នាំ២០១៩ កន្លងមក គឺបានបំពេញភារកិច្ចរបស់ខ្លួនដោយខ្ជាប់ខ្ជួនជានិច្ច គឺពលរដ្ឋមិនមានការត្អួញត្អែរ អំពីសេវាតម្រូវការ ក៏ដូចជាសេវាសំណួមពរអំពីហេដ្ឋរចនាសម្ព័ន្ធទេ ។

លោកបន្តបន្ថែមថា នៅក្នុងនោះរដ្ឋាភិបាលក៏បានបដិភាគជួយដល់ប្រាក់កម្ចី (EDB) ដែលជួយលូប្រអប់មុខកាត់៣,៥០ម៉ែត្រ និងកម្ពស់២,៥០ម៉ែត្រចំនួនបួនខ្សែរដែលធ្វើឲ្យសង្កាត់ប៉ោយប៉ែត ទៅថ្ងៃអនាគតដែលចំនួនទឹកភ្លៀងគឺពុំអាចមានការលិចលង់ដូចឆ្នាំកន្លងមកនោះទេ ។ លោកបន្ថែមថា រដ្ឋបាលសង្កាត់បានចុះជួសជុលផ្លូវបេតុងដែលរងការខូចខាតជាច្រើនក្នុងសង្កាត់ និងពង្រីកផ្លូវឲ្យបានទទឹង ៩,៥០ម៉ែត្រ ក្នុងនោះដែរ នៅមុខសាលាដុនប៊ូស្កូ លោកជួយដាក់ ប្រព័ន្ធលូ៥0%នៅសល់៥០% រដ្ឋបាលសង្កាត់ជាអ្នកចេញ ។

ដើម្បីរក្សានៅគុណភាពប្រព័ន្ធលូ និងផ្លូវបានរួមទាំងសម្អាតនៅបរិស្ថានក្នុងក្រុងប៉ោយប៉ែតក្នុងនាមរដ្ឋបាលសង្កាត់សូមសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាកុំចោលសំរាម ឬបោសដីចូលក្នុងប្រព័ន្ធលូដែលអាចធ្វើឲ្យទឹកស្ទះនៅរដូវភ្លៀងធ្លាក់ ។ ជាងនេះអ្នកបើកមុខរបរលាងម៉ូតូ និងរថយន្តកុំបង្ហូរអាចម៌ដីចូលក្នុងប្រព័ន្ធលូ បញ្ហាសំរាមដែលពលរដ្ឋប្រើប្រាស់សព្វថ្ងៃ មេត្តាវេចខ្ចប់ដាក់ក្នុងធុងឲ្យរថយន្តប្រមូលសំរាម និងមកប្រមូលយកចោល ព្រោះសំរាម និងប៉ះពាល់ដល់សុខភាពបើបងប្អូនគ្មានអនាម័យ ៕ វណ្ណា


ចែករំលែក៖