ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តអាបែនរបស់ក្រុមហ៊ុន ទ្រី ស៊ូ ម៉ី បើកគៀម៉ូតូ និងកិនបុរសម្នាក់ខ្ទេចសពគួរឲ្យរន្ធត់នៅមុខផ្សារស្ទឹងមានជ័យចាស់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តអាបែនដឹកដីរបស់ក្រុមហ៊ុន ទ្រី ស៊ូ មុី បើកកៀរឲ្យដួល រួចកិនឡើងខ្ទេចខ្លួនប្រាណមើលលែងយល់ គួរឲ្យរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តៃកុងរថយន្តបង្កមានឈ្មោះ តាំង ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរថយន្ត មានទីលំនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកសពជរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញជនសរងគ្រោះជិះម៉ូតូមួយគ្រឿង (កូនទា ) ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខភ្នំពេញ 1GV-0473 ធ្វើដំណើរម្នាក់ឯង តាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្ក អាបែនដឹកដី មួយគ្រឿង របស់ក្រុមហ៊ុន ទ្រី ស៊ូ មុី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2810 បានធ្វើដំណើរតាមក្រោយ ហើយកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល និងកិនជនរងគ្រោះទាំងកំរោល បណ្ដាលឲ្យខ្ទេចសព រាយពេញផ្លូវ ស្លាប់គួរឲ្យសង្វេគបំផុត ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ដោយបានបើកទៅមុខប្រមាណជិត១០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋជួយឃាត់បានទាំងរថយន្តបង្ក និងតៃកុងប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ឲ្យខាងរថយន្តដឹកសព យកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំស្វែងរកសាច់ញាតិពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖