ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​ជលផល​នៅតំបន់ផាត់សណ្តាយ​អស់ពីមួយចូលមួយ

ចែករំលែក៖

អាជ្ញាធរខេត្តកំពង់ធំ​ក្រោមអំណាចបញ្ជាដឹកនាំ​របស់លោកសុខ លូ ជាអភិបាលខេត្ត​មើលមិនឃើញទាល់តែសោះ​ចំពោះបញ្ហាបទល្មើសនេសាទ ។ នៅតំបន់ផាត់សណ្តាយ បន្ទាប់ពីបញ្ចប់បទល្មើសដាក់បរ និងបទល្មើសផ្សេងៗទៀតនោះ ពេលនេះ ដល់​បទល្មើស​អួន ហ៊ុម និងដាក់សម្រាស់ ។ អួន ហ៊ុមដែលប្រើទូកកាណូតធំៗ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ រីឯការដាក់សម្រាស់​ ក៏កំពុងដំណើរការនេសាទប្រមូលផលត្រីជារៀងរាល់ថ្ងៃដែរ ។ ពួកអ្នកនេសាទ​ល្មើសច្បាប់​មុនធ្វើសកម្មភាព​អូសអួនហ៊ុម ឬកៀរត្រីតាមសម្រាស់ គ្រាន់តែជូនដំណឹងលោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ​ជាមុនគឺជាការស្រេច ។

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា គ្មានទេ​ការបង្ក្រាបបទល្មើស​ដោយពួកមន្ត្រីជលផល​នៅខេត្តកំពង់ធំរាយការណ៍ថ្នាក់ដឹកនាំខេត្តថា ឆ្នាំនេះ​គ្មានត្រីនោះទេ ដូច្នេះ​ក៏គ្មានការនេសាទល្មើសច្បាប់អ្វីដែរ ។ សំអាងទៅលើហេតុផលនៃការគ្មានត្រី​ ទើបអាជ្ញាធរខេត្តកំពង់ធំ​ក្រោមការដឹកនាំ​របស់លោកសុខ លូ ក៏បន្តធ្វើមិនដឹងមិនឮ គឺបណ្តោយ​ឲ្យមានបទល្មើសនេសាទ​យ៉ាងគគ្រឹកគគ្រេងនៅតំបន់បឹងទន្លេសាប ។ ក្រោមលេសថា​គ្មានត្រី​ពួកអ្នកនេសាទល្មើសច្បាប់អាចធ្វើសកម្មភាព​នេសាទបានដោយសេរី ដោយគ្រាន់តែទាក់ទងជាមួយសមត្ថកិច្ចជំនាញ ពោលគឺរដ្ឋបាលជលផល ។ ពួកមន្ត្រីរដ្ឋបាលជលផល​ត្រូវគេពិពណ៌នា​ប្រដូចទៅនឹងសត្វមាន់ ដែលពងនៅលើជង្រុកស្រូវ ។ សម្រាប់ថ្នាក់ដឹកនាំខេត្តកំពង់ធំ បន្តបិទភ្នែកកុហក់ថ្នាក់លើបន្ថែមទៀត ក្រោម​លេស​តែមួយ​គឺឆ្នាំនេះ​មិនមានត្រី​ដែល​បង្កឲ្យឈ្មួញ​អាចនេសាទល្មើសច្បាប់នោះទេ ។ ប៉ុន្តែតាមពិត​គឺ​ពួកឈ្មួញនេសាទល្មើសសច្បាប់​ជាចំហរ​ដោយសេរីរាល់ថ្ងៃ ។

បញ្ហា​បទល្មើសនេសាទ​ក្លាយទៅជាប្រព័ន្ធដ៏ធំមួយនៅខេត្តកំពង់ធំសព្វថ្ងៃនេះ ។ ប្រធានមន្ទីរកសិកម្មខេត្ត​ ក៏ដូចជានាយខណ្ឌរដ្ឋបាលជលផល​មិនដែលបញ្ចេញប្រតិកម្ម​ទាល់តែសោះ ក្នុងការ​ចុះទៅបង្ក្រាប ឬបើកភ្នែកមើលបទល្មើសនេសាទ ។ ពួកគេ​រួមគ្នា​តាំងពីថ្នាក់នាយផ្នែករដ្ឋបាលជលផល​រហូតដល់នាយខណ្ឌ និងប្រធានមន្ទីរកសិកម្មខេត្តផង ក្នុងការកសាងបទល្មើសនេសាទនេះ ។ ពួកគេ​ពេលខ្លះទទួលស្គាល់ថា​មានបទល្មើស​ ប៉ុន្តែបទល្មើសទាំងនោះ​មិនមានផល​នេសាទច្រើន​ដែលត្រូវចុះបង្ក្រាបនោះឡើយ ។ ប្រជាពលរដ្ឋនៅតំបន់ផាត់សណ្តាយ ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​និយាយថា រាស្ត្រ​ក្រីក្រនេសាទ​ដើម្បី​ចិញ្ចឹម​ឆ្នាំង នឹងត្រូវចាប់​ដោយពួក​មន្ត្រី​ជលផលជាមិនខាន ។ ប៉ុន្តែពួកឈ្មួញធំ​ៗ នេសាទប្រើឧបករណ៍ល្មើសច្បាប់ មិន​មានពួកមន្ត្រីជលផលទៅបង្ក្រាបនោះទេ ៕


ចែករំលែក៖