នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរិះគន់ចំពោះក្រុមយុវតី៤នាក់ ដែលបានប្រើអំពើហិង្សាទៅលើសិស្សសាលាវិទ្យាល័យផ្សារដើមថ្កូវម្នាក់ ។ នៅលើបណ្តាញសង្គម ពួកគេចង់ឲ្យមានការដាក់ទោសទណ្ឌទៅតាមច្បាប់ចំពោះក្រុមក្មេងស្រីដែលគេចាត់ទុកជាបងធំនោះ ។ អ្នកលេងហ្វេសប៊ុកបានបង្ហាញរូបភាពដោយចំហរ(មិនបិទមុខ) ចំពោះក្មេងស្រីទាំង៤រូប ។ អ្នកខ្លះបញ្ចេញយោបល់ថា មិនគួរទទួលយកប្រាក់ដើម្បីបញ្ចប់បញ្ហានោះទេ ។ អ្នកខ្លះថា ពួកគេសាហាវយង់ឃ្នងខ្លាំងណាស់ ដែលមិនអាចអត់ឱនឲ្យបាន ។
រូបភាពដែលសមត្ថកិច្ចខណ្ឌចំការមនចាប់ក្រុមយុវតីទាំង៤នាក់ត្រូវបានចែករំលែកតៗគ្នា ។ ជាការពិតពួកគេមានកំហុស ប៉ុន្តែបើតាមច្បាប់ ការដែលយករូបជនបង្កជាអនីតិជនមកផ្សព្វផ្សាយបែបនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជន ។ មានការចោទសួរថា «តើការបង្ហោះរូបថតអនីតិជន មិនថាជនសង្ស័យ ឬជនរងគ្រោះជាសាធារណៈដោយមិនមានការបិទបាំងបែបនេះ ខុសឬទេ?» ។ ជាការពិតការបង្ហោះរូបថតបែបនេះវាជាកំហុស ពីព្រោះថា ទី១ វាបានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារអនីតិជននៅមានអនាគតវែងឆ្ងាយ ទោះបីជាពួកគេជាជនបង្កក៏ដោយ ។ ជាងនេះទៅទៀត ការផ្សាយនោះបានបំពានដល់បុគ្គលអាចប៉ះពាល់ដល់ការរៀនសូត្រ ក៏ដូចជាគ្រួសាររបស់គេផងដែរ ។ ដូចនេះ អ្នកបង្ហោះផ្សាយ មិនថាអ្នកកាសែត ឬជនណាក៏ដោយ ត្រូវតែជាអ្នកទទួលខុសត្រូវលើការផ្សាយរបស់ខ្លួន ។
ទី២ តាមច្បាប់ចំពោះអនីតិជន គេមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងនោះមានគោលការណ៍ និងសិទ្ធិជាមូលដ្ឋានរបស់អនីតិជន ក្នុងន័យការពារអត្តសញ្ញាណជនសង្ស័យ ឬជាប់ពាក់ព័ន្ធ ខណៈមិនទាន់មានការកាត់សេចក្តីណាមួយពីតុលាការថាជននោះមានកំហុស ឬអត់នៅឡើយទេ ។ ដូច្នះការសន្និដ្ឋានថា ខុស ឬត្រូវ ធ្វើឲ្យអ្នកផ្សាយកាន់តែមានកំហុសក្នុងលក្ខខណ្ឌខ្លះ ទង្វើដែលយើងឃើញវាគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ ។ ករណីនៃការប្រើហិង្សារបស់ក្រុមអនីតិជនខាងលើត្រូវមើលឃើញថា វាជារឿងតូចតាច ពីព្រោះគេអាចដោះស្រាយបញ្ហាដោយសន្តិវិធីបាន ដោយមិនបង្កឲ្យមានផលប៉ះពាល់ដល់កិត្តិយស និងអនាគតដ៏វែងឆ្ងាយរបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ អ្នកដែលផ្សាយរូបភាព គឺជាអ្នកបង្កឲ្យបញ្ហាកាន់តែធំ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់ជនដែលមានអាយុក្រោម១៨ឆ្នាំ ។
បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងបណ្តាញសង្គម ហាក់ដូចជាមានកំហឹងខ្លាំងចំពោះយុវតីដែលបង្កឲ្យមានបញ្ហានេះ ។ វីដេអូដែលបានផ្សព្វផ្សាយ និងចែករំលែកនៅក្នុងបណ្តាញសង្គមបង្ហាញនូវភាពសាហាវព្រៃផ្សៃ ដែលមិនអាចអត់ឱនឲ្យបាន ។ ពោលគឺវាជាទិដ្ឋភាពដែលគេគិតថា ការបង្ហាញមុខពួកគេជាសាធារណៈនោះមិនគ្រប់គ្រាន់នឹងកំហុសឆ្គងនោះឡើយ ។ ជាងនេះទៅទៀត នៅក្នុងបណ្តាញសង្គមហាក់បានស្តីបន្ទោសទៅលើអាណាព្យាបាលក្មេងស្រីរងគ្រោះដែលឮថាទទួលប្រាក់ពីក្រុមជនបង្កចំនួន២ពាន់ដុល្លារអាមេរិកនោះ ។ យ៉ាងណាក៏ដោយ ទាំងនេះជាមេរៀនមួយដែលបង្ហាញចំពោះក្មេងៗដទៃទៀត ដែលមិនត្រូវមានរឿងបែបនេះកើតឡើងឡើយ ៕ ប្រជាពលរដ្ឋម្នាក់