ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានឃាត់ខ្លួនយុវសិស្សមា្នក់ ដែលបានវាយទៅលើយុវសិស្សដូចគ្នាបណ្ដាយឲ្យស្លាប់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ជាប់របងសាលាមួយកន្លែងស្ថិតនៅក្នុង សង្កាត់ទំនប់ទឹក ។ សមត្ថកិច្ចបញ្ជាក់ថា នេះជាករណីហិង្សាមានស្ថានទំងន់ (សិស្សនឹងសិស្សវៃគ្នាបណ្តាលឲ្យជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះនី លីស៊ាង ប្រុសខ្មែរ មុខរបរសិស្សសាលាស្នាក់នៅផ្ទះលេខ៣Aផ្លូវ១២BTសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ ខ្មែរ មុខរបរសិស្សថ្នាក់ទី៩ឃ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នា ជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅ អា) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃើញដូចនេះ ក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ហើយ ។
បច្ចុប្បន្ន យុវសិស្សដែលជាជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការកាត់ទោសទៅតាមផ្លូវច្បាប់ ៕ សរស្មី