ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ រាល់សំណង់ដែលកំពុងសាងសង់ ហាមកម្មករស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានា ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មការិនីស្នាក់នៅ ក្នុងសំណង់អគារដែលបាននឹងកំពុងសាងសង់ជាដាច់ខាតបន្ដទៀតទេ ។

លោក ឃួង ស្រេង បានហាមប្រាមបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុតទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជ ធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករខណៈដែលកន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកំពត មានបញ្ហាបាក់ស្រុតអគារកើត ឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់ និងរងរបួស ។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលយើងត្រូវតែមានការបង្ការទប់ស្កាត់ឲ្យបានខ្ពស់ជាមុន ។

លោក ឃួង ស្រេង ក៏បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូប និងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋាន សំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេស្របតាមស្តង់ដារបច្ចេកទេសទេ ។ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅ ម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់ និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិន បានបន្ទុច បង្អាក់ ចំពោះការសាងសង់អគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ចៀសវាងកុំឲ្យហេតុការមិនល្អកើតឡើង ។

លោកឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ថា ៖ នៅរាជធានីភ្នំពេញរបស់យើង ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឲ្យបានច្បាស់ ជៀស វាងមានបញ្ហាកើតឡើងយើងមិនបានដឹង ។

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងរុយោដីរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅ លើបច្ចេកទេស និងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំង នោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេស យើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅ ម្ចាស់សំណង់មកប្រជុំដោះស្រាយ ។ សំណង់មួយបើ មិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុង នាមអាជ្ញាធរ និងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះតែម្ដង ៕ សំរិត


ចែករំលែក៖