ខេត្តស្វាយរៀង៖ ត្រីងៀតខូចគុណភាព៣០គីឡូក្រាម លតអង្ករ ៥គីឡូក្រាម និងបង្អែមបាញ់ឌុក៥គីឡូក្រាម ដាក់គីមីបូរ៉ាក់នៅផ្សារវាលយន្តត្រូវបានសមត្ថកិច្ចជំនាញរកឃើញបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០ស្ថិតក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
លោកផឹងនឹលប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យពីមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២១គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ករ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងនំបង្អែមបាញ់ឌុក ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងរកឃើញងៀតត្រីរស់ ខូចគុណភាព៣០គីឡូក្រាម (ដុះផ្សិត) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។
នៅក្នុងឱកាសនោះដែរ មន្ត្រីជំនាញ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ដូចភ្លៀងរលឹមផងដែរ ៕ យឹម សុថាន