ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃ២០០ហិកតាត្រូវបានគេឈូសឆាយកាយក្រវាត់ព្រំយ៉ាងរលូន ដោយអះអាងថា មានច្បាប់ពីខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដីព្រៃនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែល(លោក ណូន )មេឃុំពពក បានអះអាងថា ដីទិញពីពលរដ្ន តែតាមការពិនិត្យជាក់ស្ដែងដីនោះសុទ្ធសឹងតែជាដីព្រៃសុទ្ធសាតរហូតដល់៩០ភាគរយ ក្នុងនោះមានដីស្រែតិចតួចបំផុត ។ លោកមេឃុំបានបន្ដថា ពលរដ្នគ្មានលទ្ធភាពធ្វើក៏លក់ឲ្យឈ្មួញ ត្រូវបានឈ្មួញប្រមូលទិញ រហូតដល់២០០ហិកតា ដែលមានម្ចាស់ឈ្មោះ(ជួ ផេង) បច្ចុប្បន្នកំពុងដាក់គ្រឿងចក្រឈូសឆាយកាយក្រវាត់ព្រំ យ៉ាងរលូន ដោយអះអាងថា មានច្បាប់ឈូសឆាយពីខេត្ត ។

ទាក់ទិនទៅនឹងការឈូសឆាយដីព្រៃរាប់រយហិកតានេះ ត្រូវបានមតិមហាជនរិះគន់ថា បច្ចុប្បន្នគេសង្កេតឃើញ មន្រ្ដីជាន់ខ្ពស់ និងអ្នកមានលុយ មានអំណាចខ្លះប្រើវិជ្ជាជំនាញថ្មីដែលអាចលេបត្របាក់យកដីព្រៃរបស់រដ្នមកធ្វើជាកម្មសិទ្ធិបាន ទោះដីនោះប៉ះពាល់គម្របព្រៃ ឬដីសហគមន៍ក៏ដោយ ឲ្យតែមានលុយជាការស្រេច ។ ជាក់ស្ដែងដីនេះសុទ្ធសឹងជាដីព្រៃរហូត៩០ភាគរយ និងដីស្រែតិចតួចបំផុត ធ្វើឲ្យអ្នកមានលុយ មានអំណាចអនុវត្តន៍រូបមន្ដកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរ កក្ដាទាំងនេះហើយ ដែលធ្វើឲ្យដីព្រៃរបស់រដ្នក្លាយជាដីកម្មសិទ្ធិស្របច្បាប់របស់បុគ្គលអ្នកមានលុយ ចំណែកពលរដ្នស្លូតត្រង់វិញ រលាយទាំងផ្ទះអស់ទាំងដី ដោយចោទថា ពលរដ្នរំលោភដីព្រៃរបស់រដ្នជាដើម ។

ពាក់ព័ន្ធនឹងការរិះគន់ខាងលើយើងធ្លាប់បានទំនាក់ទំនងទៅលោក ថូគឹម ស៊ន ប្រធានការិយាល័យអន្តរវិស្ស័យ និងជាទីប្រឹក្សារតំណាងរាស្រ្ត ដែលគេដឹងថា កំពុងតែចេញមុខរត់ការក្នុងរឿងនេះ ដោយសំអាងថា មានច្បាប់ពីអភិបាលខេត្តកំពង់ធំ លុះសុំច្បាប់មើល ថាគ្មាន ហេតុអ្វី ? ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានឲ្យដឹងថា លោកពុំទានបានឆែកមើលឯកសារនៅឡើយទេ ចាំលោកឆែកមើលហើយលោក និងផ្ដល់ព័ត៏មានជូន តែមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ពុំទាន់ទទួលបានព័ត៌មានពីលោកអភិបាលស្រុកនៅឡើយ ដោយសារតេមិនលើកទូរស័ព្ទឡើយ ។

លោក លឹម ប៊ុនហេង ភូមិបាលស្រុកស្ទោងបានឲ្យដឹងថា ដីនោះគឺជាដីព្រៃ ពាក់ព័ន្ធ នឹងដីគម្របព្រៃទៀត គ្មានអ្នកណាចេញប្លង់ឲ្យនោះទេ គេទិញដូរតែគ្នាគេ ស៊ីញ៉េទិញ លក់ត្រឹមតែភូមិ ឃុំគ្នាគេតែប៉ុណ្ណោះ លោកពុំទទួលដឹងលឺនោះទេ ។

លោក ជួ ផេង បានឆ្លើយតបយ៉ាងច្បាស់ថា ដីនោះជាដីលោក ថូ គឹមស៊ន មិនមែនដីលោកទេ លោកគ្រាន់តែស៊ីឈ្នួលដាក់គ្រឿងចក្រ ឈូសឆាយតែប៉ុណ្ណោះ ។ ចំណែក លោក ថូ គឹមស៊ន វិញឆ្លើយថាជាដី របស់លោក ជួ ផេង គេមានច្បាប់ពីខេត្ត ការឆ្លើយផ្ទុយគ្នាបែបនេះ ត្រូវបានប្រភពច្បាស់ការថា លោក ថូ គឹមស៊ន មានឋានៈ ជាប្រធានការិយាល័យអន្តរវិស័យ និងជាទីប្រឹក្សារបស់តំណាងរាស្រ្ត កំពុង រត់ការឲ្យ លោក ជួ ផេង តែមិនទាន់បានច្បាប់ពេញដៃទេ ប៉ុន្ដែដាក់គ្រឿងចក្រចូលកាយក្រវាត់ព្រំយ៉ាងរលូន ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំអង្គភាពព័ត៌មាន មិនអាចសុំការសម្ភាសបានទេ ជុំវិញការចេញច្បាប់ដើម្បីឈូសឆាយដីព្រៃខាងលើនេះ ដោយ លោកថា ជាប់រវល់ពុំមានពេលនោះទេ ។

ពលរដ្នក៏ដូចជាមន្រ្ដីរាជការសំណូរពរសុំឲ្យ លោក សុខ លូអភិបាលខេត្តកំពង់ធំ និងរដ្នមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យដីព្រៃទាំងឡាយក្នុងខេត្តកំពង់ធំផង បច្ចុប្បន្នកំពុងតែរងនូវការកាប់បំផ្លាញឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ ៕ ប៊ុនរិទ្ធី


ចែករំលែក៖