ភ្នំពេញ៖ លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល ត្រូវបានរងការរិះគន់ពីអនុប្រធាន រួមជាមួយមន្រ្តីក្របខណ្ឌភូមិបាលខណ្ឌកំបូល កំពុងតែមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោក ខណៈដែលលោកបាននាំមនុស្សចំនួន៨នាក់ ក្រៅក្របខណ្ឌ មកកាន់ត្រា និងធ្វើការជំនួសមន្រ្តីនៅក្នុងអង្គភាពរបស់ខ្លួន ។
យោងតាមប្រភពពីមន្រ្តីការិយាល័យភូមិបាលខណ្ឌកំបូល បានលួចបង្ហើបប្រាប់ថា លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរូបនេះ បានយកមនុស្សជំនិតរបស់ខ្លួនដែលពុំមែនជាមន្រ្តីជាប់កិច្ចសន្យា ឬជាមន្ត្រីបណ្ដែត គ្មានជំនាញឲ្យចូលកាន់ការងារសំខាន់ៗ រត់ឯកសារឆ្វេចឆ្វាចកាន់ត្រាក្នុងដៃយ៉ាងពេញលេញ រួចបានទាត់ចោលនូវអនុប្រធាន និងមន្រ្តីក្របខណ្ឌដែលសុទ្ធតែអ្នកជំនាញទៅវិញ ។
មន្រ្តីបានចោទថា លោក ប៉ុក បញ្ញាធិ បានចូលកាន់តំណែងជាប្រធានការិយាល័យ ទើបបានរយៈពេលជាង ៦ខែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះអនុប្រធាន និងមន្រ្តីក្របខណ្ឌនៅក្នុងការិយាល័យទាំងមូល បានត្អូញត្អែរយ៉ាងខ្លាំងពីការលំបាក ព្រោះក្នុងការិយាល័យទាំងមូលពុំដឹងថា លោកប្រធាន ប៉ុក បញ្ញាធិ យកមនុស្សពីណាមកដាក់ទេរហូតដល់ទៅ ៧ទៅ៨នាក់នោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការចោទនេះ លោក ប៉ុក បញ្ញាធិ មិនទាន់អាចសុំការបកស្រាយបាននោះទេ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
បើតាមមន្រ្តីទាំងនោះ បានបន្តទៀតថា គាត់ធ្វើការព្រឹក ឬធ្វើការល្ងាច តើគាត់ត្រូវឆ្លៀតចូលធ្វើដូចម្តេច បើលោកប្រធានយកត្រាមូលទៅឲ្យមនុស្សរបស់ខ្លួន ដែលជាមន្រ្តីគ្មានក្របខណ្ឌម្នាក់ឈ្មោះ អ៊ុក សម្បត្តិ ពុំមែនជាជាប់កិច្ចសន្យា ឬជាមន្ត្រីបណ្ដែតកាន់វាយត្រាលើឯកសារផ្សេងៗ។
ចំពោះករណីខាងលើនេះ ក្រុមមន្រ្តីនៅក្នុងការិយាល័យភូមិបាលខណ្ឌកំបូល សូមអំពាវនាវ និងទទូចដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌ មេត្តាពិនិត្យ និងដោះស្រាយបញ្ហានេះផង ដើម្បីបញ្ចប់ការខ្វែងគំនិត និងការអន់ចិត្តរបស់មន្រ្តីក្រោមឱវាទ ដែលនាំឲ្យការងារគ្មានប្រសិទ្ធភាព ៕ស តារា