ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួន ប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអីស្រុកស្វាយទាប ខណៈគ្រួសារថាមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាល ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ មុំ វិច័យ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា កូនប្រុសគាត់គឺមានការតូចចិត្តយ៉ាងខ្លាំងខណៈមានជំងឺប្រចាំកាយ និងយកទៅព្យាបាលដែរតែនៅមិនធូរស្រាលសោះ ស្រាប់តែនៅថ្ងៃកើតហេតុឪពុកម្ដាយជាប់រវល់ចេញទៅក្រៅលុះត្រលប់មកវិញប្រទះឃើញចងករក្នុងផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។
សាកសពនេះ តាមការពិនិត្យរបស់នគរបាលផ្នែកជំនាញ និងគ្រូពេទ្យគឺស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយបានយកខ្សែអង្រឹងចងកភ្ជាប់រនងផ្ទះពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន