ខេត្តកណ្តាល ៖ កម្លាំងងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនយុវជនម្នាក់ដែលបានធ្វើសកម្មភាពដុត និងវាយបំផ្លាញខ្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងបង្កឲ្យបុរសជាប្អូនម្នាក់ត្រូវរបួសទៀតផង ដោយមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែមួរម៉ៅក្នុងចិត្តប្រព្រឹត្តអំពើបែបនេះតែម្តង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហេង មករា ហៅមាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ចំណែក ស្ត្រីជាម្តាយឈ្មោះ ជុំ សំណាង អាយុ៦២ឆ្នាំ មុខរបរកសិករ និងជន រងគ្រោះជាប្អូនឈ្មោះ ហេង សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ។ គ្រួសារនេះមានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកក្រណាត់វាំងននពីក្រោមផ្ទះទៅដុតនៅរោងដាក់ឈើដែលមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រនៅខាងក្រោយផ្ទះបណ្តាលឲ្យឆេះរងការខូចខាតអស់ទាំងស្រុង ។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានថែមទាំងយកពូថៅ និងដែកបំពង់ទីប វាយកញ្ចក់ទ្វារផ្ទះ និងបង្អួច បណ្តាលឲ្យបែកខ្ទេច ព្រមទាំងវាយពាងទឹក និងវាយជញ្ជាំងផ្ទះធ្វើអំពីស័ង្កសីបណ្តោលឲ្យខូចខាតថែមទៀតផង ។
តាមប្រភពព័ត៌មានបានឲ្យដឹងបន្តទៀតថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ ជនសង្ស័យបានយកចំពាមកៅស៊ូបាញ់ត្រូវចំឆ្អឹងជំនីរឈ្មោះ ហេង សុភក្រ័ ភេទប្រុស ត្រូវជាប្អូនប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួស។ បន្ទាប់មកស្ត្រីជាម្តាយទ្រាំលែងបានក៏ប្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលពញាឮ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុធ្វើកំណត់ហេតុ លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ទើបកម្លាំងប៉ុស្តិ៍ពញាឮបានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ