ព័ត៌មានទាន់ហេតុការណ៍៖

សត្វត្រចៀកកាំ ជាច្រើនក្បាលងាប់ពាសពេញក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះត្រួតពិនិត្យមើលជាក់ស្តែង ខណៈដែលសត្វត្រចៀកកាំ ជាច្រើនក្បាលងាប់ពាសពេញក្នុងបុរី ដោយមិនដឹងមូលហេតុ ។

ករណីសត្វត្រចៀកកាំងាប់ជាច្រើនដោយពុំដឹងមូលហេតុខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីលោកអុំ ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា ពិតជាមានសត្វត្រចៀកកាំងាប់ច្រើនមែន ហើយលោកបានជូនដំណឹងនេះ ដល់ថ្នាក់ខណ្ឌ និងខាងមណ្ឌលសុខភាពឲ្យជួយចុះមកពិនិត្យជាក់ស្តែងផងដែរ ប៉ុន្តែដោយសារខាងមណ្ឌលសុខភាពចាក់អង្រែ ពុំមានមន្ទីរពិសោធន៍ក៏បានរាយការណ៍ជូនថ្នាក់លើបន្ត ។

ជាមួយគ្នានេះសត្វត្រចៀកកាំដែលងាប់ទាំងនោះ មួយចំនួនខ្លះក៏ត្រូវបានម្ចាស់ផ្ទះវិឡាក្នុងបុរីខាងលើ បោសសម្អាត និងប្រមូលដាក់ថង់ និងបោះចោលក្នុងធុងសំរាមក្នុងបរិវេណបុរីនោះអស់ពាក់កណ្ដាលទៅហើយ ព្រោះមិនទាន់មានអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ ឬមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធ ដូចជាមិនទាន់ចុះទៅជូនដំណឹង ឬហាមឃាត់អ្វីឡើយ ។

បច្ចុប្បន្នគេមិនទាន់ដឹងថា សត្វត្រចៀកកាំ ដែលងាប់ពាសពេញនៅក្នុងបរិវេណបុរីប៉េងហ៊ួតខាងលើនោះ មានរោគសញានៃមេរោគអ្វី ឬក៏ពុលអ្វីនៅឡើយទេ ហើយក៏មិនដឹងថា អាចចំលងពីសត្វទៅសត្វ និងទៅមនុស្សបានឬក៏យ៉ាងណាដែរ ព្រោះអាជ្ញាធរមូលដ្ឋានបានត្រឹមរាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ខណៈដែលមានករណីសត្វត្រចៀកកាំ ងាប់រាប់សិបក្បាល ពាសពេញក្នុងបរិវេណបុរីប៉េងហួត ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបុរីនោះ ក៏មានការភ័យខ្លាចចំពោះ មេរោគវិរុសផ្លូវដង្ហើម ដែលបានសម្លាប់មនុស្សកើនដល់ ១០៦នាក់ហើយ ។ ដោយឡែកអ្នកឆ្លងវីរុសនេះ បានកើនឡើងសរុបរហូតដល់ ៤,៥៨១នាក់ រួមទាំងនៅតាមបណ្តាប្រទេសមួយចំនួនទៀត នេះបើគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ ចំណែកសម្រាប់កម្ពុជាទាំងមូលវិញ វិរុសផ្លូវដង្ហើមនេះ ក៏មាន១ករណីផងដែរ នៅឯខេត្តព្រះសីហនុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖