ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកដីមិនមើលឆ្វេងស្តាំ រថភ្លើងមកដល់បុករបួសធ្ងន់ម្នាក់ ខណៈគ្មានអ្នកដាក់បារ៉ាស់សម្គាល់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថភ្លើងបុករថយន្តដឹកដីមួយគ្រឿង ដែលបើកឆ្លងផ្លូវរថភ្លើងមិនមើលឆ្វេងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ ។

ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ អង្គារ ៤ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវចូលវត្តថ្មដា(ផ្លូវរថភ្លើង) ស្ថិតភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ធុនធំដឹកដី១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0188 បើកបរឈ្មោះ ថូ វុត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្តដឹកដី ធ្វើដំណើរទិសដៅពីជើងទៅត្បូង។ ខណ:រថយន្តនេះមកដល់ចំណុចខាងលើទំនងអ្នកបើកបរមិនមើលឆ្វេងស្តាំ និងគ្មានអ្នកដាក់បារ៉ាសសម្គាល់បានបុកជាមួយនឹងរថភ្លើងដឹកទំនិញមួយគ្រឿង ដែលកំពុងធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បណ្តាលឲ្យអ្នកបើកបររថយន្តរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃនប់ភ្លាមៗ និងធ្វើឲ្យរថយន្តដឹកដីខូចខាតយ៉ាងដំណំនៅប៉ែកខាងមុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកព្រៃនប់បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅនគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់ ខណៈភាគីរថភ្លើងបន្តដំណើរទៅមុខទៀត៕ ប្រាថ្នា


ចែករំលែក៖