ព័ត៌មានទាន់ហេតុការណ៍៖

កូនជាងយកអាគុយ ដាក់បញ្ឆេះម៉ាស៊ីនក្បាលរថយន្តឲ្យម៉ូយមើល ស្រាប់តែដាក់បញ្ច្រាសផ្ទុះឆាបឆេះក្បាលរថយន្តខ្ទេច២គ្រឿង អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែការធ្វេរប្រហែសរបស់ម្ចាស់ឃ្លាំង បានបញ្ជាឲ្យកូនជាងយកអាគុយ ទៅដាក់កូវបញ្ឆះម៉ាស៊ីនក្បាលរថយន្តឲ្យម៉ូយមើល ស្រាប់តែដាក់បញ្ច្រាសផ្ទុះបែកផ្កាភ្លើង ឆាបឆេះក្បាលរថយន្តយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា បណ្តាលឲ្យខូចខាតក្បាលរថយន្តចំនួន២គ្រឿង គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តកាប់សាច់ តាមផ្លូវបេតុង ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឃ្លាំងដែលត្រូវភ្លើងឆាបឆេះនោះឈ្មោះ សាសុ ឧសភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានម៉ូយមកទិញក្បាលរថយន្តមួយគ្រឿងហើយ ម្ចាស់ក៏បានបញ្ជាឲ្យកូនជាងយកអាគុយទៅកូវសាកបញ្ឆេះម៉ាស៊ីនក្បាលរថយន្តឲ្យម៉ូយមើល ខណៈពេលកំពុងតែកូវនោះ ជាងក៏បានដាក់បញ្ច្រាសក៏ផ្ទុះបែកផ្កាភ្លើង បង្កជាការឆាបឆេះក្បាលរថយន្តនោះតែម្តង ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញក្រុមជាងក៏បាននាំគ្នាយកទឹក និងបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅជួយធ្វើអន្តរាគមន៍បាញ់អស់ទឹក២គ្រឿង ទើបភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃដដែល ។

ក្រោយកើតហេតុ ម្ចាស់ឃ្លាំង បានបញ្ជាក់ថា ចំពោះករណីខាងលើនេះ សម្ភារខូចខារមានក្បាលរថយន្ត ចំនួន២គ្រឿង ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ដែលគិតជាប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ ៕អារុណរះ


ចែករំលែក៖