អាជ្ញាធរខេត្តកំពង់ធំទល់ភ្នែក មើលបទល្មើសនេសាទគ្មានការបង្ក្រាបសោះឡើយ ចំពោះបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុង ភូមិសាស្រ្តខេត្តកំពង់ធំ។ អាជ្ញាធរថ្នាក់ដឹកនាំខេត្តនេះ ជឿតែទៅលើរបាយការណ៍ បោកប្រាស់ ភូតកុហករបស់ពួកមន្រ្តីជលផល។ តាមពិតបទល្មើសកើតមានជាហូរហែ អស់ពីឧបករណ៍មួយ ចូលឧបករណ៍មួយ។ បច្ចុប្បន្ននេះឧបករណ៍នេសាទល្មើសច្បាប់ តាមរយៈការសម្រាស់គៀយកត្រីដោយប្រើទូកម៉ាស៊ីនធំៗ កំពុងកើតមានយ៉ាងគគ្រើក គគ្រេងនៅតំបន់ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពួកមន្រ្តីជលផលជា ពិសេសលោក យ៉ាន់ វិសាក់ ហៅសែ ប្រើដៃជើងឲ្យដើរយកលុយពីអ្នកនេសាទ អូស អួន ដាក់សម្រាស់ដោយប្រើទូកនេសាទធំៗ។
អាជ្ញាធរខេត្តកំពង់ធំក្រោមអំណាចដឹកនាំបញ្ជារបស់លោក សុខ លូ ជឿជាក់យ៉ាង ប្រាកដប្រជាថា គ្មានទេបទល្មើសនេសាទ ហើយបើមានក៏តិចតួចដែរ ព្រោះឆ្នាំនេះ មិន មានត្រីច្រើនដូចឆ្នាំមុនៗឡើយ។ ដូច្នេះបញ្ហានៅបឹងទន្លេសាបត្រូវធីបចោលមួយ អន្លើដោយលែងខ្វល់ ពោលគឺលែងមើលឯកសារនោះទៀតផង។ ភាពសោះអង្គើយ របស់ថ្នាក់ដឹកនាំខេត្ត គឺជាឱកាសដែលនាំឲ្យពួកមន្រ្តីជលផលកាន់តែបានដៃក្នុងការ ប្រព្រឹត្តអំពើពុករលួយតាមរយៈការអនុញ្ញាតឲ្យមានបទល្មើសនេសាទ យ៉ាងគគ្រឹង គគ្រេងជាចំហ។ នៅពេលដែលថ្នាក់ដឹកនាំខេត្តយល់ថាគ្មានបទល្មើសនេសាទសមត្ថ កិច្ចដទៃទៀត (នគរបាល, កងរាជអាវុធហត្ថ) ក៏លែងរវល់នឹងចុះទៅបង្ក្រាបបទល្មើស នេសាទនៅតំបន់បឹងទន្លេសាបនោះដែរ។ ដូច្នេះវាជាឱកាសសម្រាប់ឲ្យក្រុមលោក យ៉ាន់ វិសាក់ ហៅសែ ប្រមូលលុយបានយ៉ាងស្រួល។ ជាការណ៍ពិតវាមិនធំដុំដូចរាល់ ឆ្នាំក៏ពិតមែន ប៉ុន្តែគ្មានសមត្ថកិច្ច ឬថ្នាក់ដឹកនាំខេត្តមកឆាឆៅពួកមន្រ្តីជលផលនោះ ទេ។
បើតាមពួកឈ្មួញអះអាងថា ពួកគេចាំបាច់ត្រូវបង់លុយឲ្យក្រុមលោក យ៉ាន់ វិសាក់ ហៅសែ ដោយខានមិនបាន បើទោះបីជាការនេសាទល្មើសច្បាប់នោះបានផលតិចតួច យ៉ាងណាក៏ដោយ។ ប្រភពអះអាងថា បើមិនបង់ប្រាក់ទេ មិនអាចនេសាទបាននោះ ឡើយ ទាំងការប្រើទូកម៉ាស៊ីនធំៗ និងការអូសអួន ហ៊ុម សម្រាស់ជាដើម។ មុននឹងធ្វើ សកម្មភាពល្មើសច្បាប់ត្រូវទាក់ទងលោក យ៉ាន់ វិសាក់ ជាមុន បើមិនដូច្នោះទេ គឺមិន អាចធ្វើសកម្មភាពបានឡើយ។ ប្រភពបន្ថែមថា នៅឆ្នាំនេះទន្នផលត្រីមានតិចតួចខ្លាំង ណាស់ ដូច្នេះពួកអ្នកនេសាទបានស្នើទៅពួកមន្ត្រីជលផលថា កុំយកលុយច្រើនពេក។ រីឯពួកមន្រ្តីជលផលក៏យោគយល់ ប៉ុន្តែថាមិនអាចអត់ទទេសោះនោះបានឡើយ។ តិច ឬច្រើនត្រូវតែចែករំលែកឲ្យពួកមន្រ្តីជលផល។ ប្រភពបានបន្ថែមថា បើទោះបីជា តិចតួច (លុយ) យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់ជូនលោក យ៉ាន់ វិសាក់ គ្រប់ពេល ដែលធ្វើសកម្មភាពល្មើស ទោះទ្រង់ទ្រាយតូច ធំក៏ដោយ៕