ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកាយដីលក់ចង់អស់មួយចំហៀងភ្នំហើយ ទើបដឹងថា ដីភ្នំដូងព្រះ​ មានរ៉ែមាស ប្រជាពលរដ្ឋកំពុងនាំគ្នារុករករ៉ែមាសយកទៅលក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋទើបភ្ញាក់ផ្អើលនិងនាំគ្នាទៅកាយគំនរថ្មបាក់បែករករ៉ែមាសយកទៅលក់ បន្ទាប់ពីភ្នំដូងព្រះក្នុងភូមិជនពិកា សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បាក់ដីថ្មីៗបង្កប់ដោយរ៉ែមាសជាច្រើន ខណៈដែលគេដឹងថាច្រើនឆ្នាំកន្លងមកនេះឈ្មួញកាយដីភ្នំនេះលក់ចង់អស់១ចំហៀងភ្នំទៅហើយនោះ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំដូងព្រះបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញរ៉ែមាសនេះចំនួន៣ថ្ងៃមកហើយគឺតាំងពីថ្ងៃទី ២៦.២៧ .និង២៨ ខែ មករា ឆ្នាំ២០២០ មកម្ល៉េះ ។

ស្រ្តីឈ្មោះ ម៉ាង ស្រីនាង អាយុ៤០ឆ្នាំ រស់នៅចំណុចជើងភ្នំនោះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កន្លងទៅថ្មីៗនេះគឺនៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់កំពុងដេកលេងនៅក្នុងផ្ទះស្រាប់តែ មានសំលេងចេញពីជើងភ្នំយ៉ាងខ្លាំងរកសំឡេងអ្វីមកប្រដូចពុំបានពេលនោះគាត់បានចេញពីផ្ទះមើលទៅជើងភ្នំដូងព្រះ ស្រាប់តែឃើញមានថ្មផ្ទាំងធំៗបាក់ពីលើកំពូលភ្នំដូចរញ្ជួយផែនដីធ្លាក់មកទើលើចំរាក់ខាងក្រោមតែពុំមានប្រចាពលរដ្ឋណារងគ្រោះក្នុងឧបទ្ទវហេតុតនេះទេ ។ ពេលឃើញហេតុការណ៍ដូច្នេះ

ប្រជាពលរដ្ឋនាំកូនចៅរត់ចេញពីផ្ទះយ៉ាងប្រញាប់ ព្រោះខ្លាចផ្ទាំងថ្មធ្លាក់មកដល់ផ្ទះពួកគាត់ធ្លាក់ចំកូនចៅអាចស្លាប់។

ស្រ្តីរូបនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថាកាលពីប៉ុន្មានឆ្នាំមុនមានគ្រឿងចក្រគ្រប់ប្រភេទដូចជា ម៉ៃខូ និង រថយន្តដឹកដីជាច្រើនគ្រឿងមកជីកកកាយយកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យមានជម្រៅជាច្រើនម៉ែត្រពីកំពូលភ្នំ

ដល់ជើងភ្នំឡើងចង់១ចំហៀងភ្នំហើយ តែគេពុំដឹងថា ការជីកកកាយដីលក់មានការអនុញ្ញាតពីមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តដែរឬនោះទេ ទើបគេឈប់អនុញ្ញាតឲ្យជីកដីនៅកន្លែងនេះបន្តទៀតជាច្រើនខែមកហើយ។

ចំណែកបុរសម្នាក់ដែលចូលរួមក្នុងការរុករករ៉ែមាសនឹងគេនិងជាអ្នកទិញរ៉ែមាសនៅទីនេះផងែរនោ បានប្រាប់ឲ្យដឹងថានៅជើងភ្នំដែលបាក់ដីនោះ ជាច្រើនខែមកហើយប្រជាពលរដ្ឋនៅម្តុំនោះពុំដឹងថាមានរ៉ែមាសនោះទេទើបតែចៃដន្យថ្មីៗនេះ ប្រជាពលរដ្ឋបានប្រទះឃើញរ៉ែមាសនេះនៅគំនរថ្មភ្នំបាគ់បែកខ្លះៗក៏នាំគ្នាចូលមករុករកជាច្រើននាក់ដោយអ្នកខ្លះរកបានយកទៅលក់។

បុរសនេះបានបញ្ជាក់ឲ្យដឹងទៀតថារ៉ែមាននោះធ្ងន់ដូចដែកមានជាតិមាសភ្លឺផ្លេកៗវាអាចយកទៅចំរាញ់ចេញយកជាមាសបានបើយើងចេះចំរាញ់យកមាសនេះដោយមាន ធំ តូច ប៉ុនមេដៃ រឺធំតូចជាងមេដៃក៏មានវាសម្បូរនៅតាមដីនិងថ្មខ្មៅ តែបើនៅកន្លែងជើងភ្នំដីបាក់នោះវិញសម្បូរទៅដោយរ៉ែមាសធំៗមួយដុំៗរាប់គីឡូក្រាមឯណោះ។លោកបញ្ជាក់ឲ្យដឹងទៀតថាដោយសារតែមានប្រជាពលរដ្ឋផ្អើលរុករករ៉ែមាសនៅកន្លែងជើងភ្នំដីបាក់នោះច្រើនពេក និងដោយយល់ថាកន្លែងនោះជាកន្លែងគ្រោះថ្នាក់ខ្លាំងទើបសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចេញបញ្ជាហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅរើសរ៉ែមាសនេះបន្តទៀតទេ ៕ ប្រាថ្នា


ចែករំលែក៖