ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញហើយ សាកសពនារី២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូកខណៈទៅលេងនៅកោះស្នេហា

ចែករំលែក៖

ខេត្តកណ្តាល៖ សាកសពនារី២នាក់ដែលបាត់ខ្លួន ក្នុករណីលិចទូក ខណៈទៅលេងកោះស្នេហានៅស្រុកមុខកំពូល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញហើយ ។

គួររំឮកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី នារីរងគ្រោះទាំង២នាក់ រួមទាំងមនុស្សជាង១០នាក់ទៀត បាននាំគ្នាជិះទូកក្នុងគោលបំណងទៅលេងកោះស្នេហា លុះជិះចេញពីច្រាំងចម្ងាយប្រហែលជាង១០ម៉ែត្រទូក ក៏បានលិចចូលក្នុងទន្លេ ធ្វើឲ្យនារីរងគ្រោះទាំង២នាក់បាត់ខ្លួនតែម្ដង មូលហេតុដែលធ្វើឲ្យទូកលិច គឺបណ្ដាលមកពីលើសចំណុះ ។ លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានបន្តតាមរក បានប្រទះឃើញសាកសពនារីរងគ្រោះទាំង២នាក់អណ្ដែតលើផ្ទៃទឹកទន្លេរចម្ងាយពីកន្លែងកើតហេតុប្រហែល២៥០ម៉ែត្រ ។

បច្ចុប្បន្ន សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា សាកសពនារីរងគ្រោះឈ្មោះយឿង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រឡុកស្រា មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ ស្អាងជ័យ


ចែករំលែក៖