ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជារក្សាសន្តិភាពអង្គការសហប្រជាជាតិតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិបញ្ជូនកងវិស្វកម្មលេខ៣៩៦សរុបចំនួន១៨៤នាក់ នារី២៤នាក់ ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ថ្លែងដូច្នេះក្នុងពិធីជូនដំណើរកងវិស្វកម្មដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទីពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆាំ្ន២០២០ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្ថិតក្នុងភូមិសាស្ត្រ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងយុទ្ទភ័ណ្ឌមិនទាន់ផ្ទុះគូសបញ្ជាក់ថាៈ ក្នុងរយៈពេល១៤ឆ្នាំ កម្ពុជាទទួលបានស្នាដៃយ៉ាងធំធេងជាច្រើន និងលើកកម្ពស់កិត្តិយសជាតិឲ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិតាមរយៈការបញ្ជូនកងកម្លាំងរបស់ខ្លួនជាច្រើនពាន់នាក់ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ថ្ងៃនេះ កម្ពុជាបន្តបញ្ជូនកម្លាំងរបស់ខ្លួនចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់ ក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន១៨៤នាក់ថែមទៀត ។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ហើយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាមួយប្រទេសចំនួន១២៣នៅលើពិភពលោក ។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន៨ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល សរុបចំនួនជាង៦,៥៥៧នាក់ ។
ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមានបោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២វិស្វកម្ម សំណង់វិស្វកម្ម ព្រលានយន្តហោះ នាយទាហាន សេនាធិការ និងសង្កេតការណ៍ ៕ សុខដុម