ភ្នំពេញ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ ។ លោកងី មានហេង បាន បញ្ជាក់បែបនេះ នៅក្នុងសន្និសីទសាព័ត៌មាន នៅមន្ទីរពេទ្យរុស្សី កាលពីថ្ងៃ២៩ មករា ឆ្នាំ២០២០ ។
លោកបានបញ្ជាក់ថា៖ ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវ ដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឲ្យមានការភាន់ច្រឡំដល់ពលរដ្ឋកាន់តែខ្លាំងឡើង ។
ក្នុងឱកាសនោះ ដែរលោក ងី មានហេង ក៏បានស្នើសុំឲ្យអ្នកការសែតឈ្មោះ ខេសូនមួយត្រូវសុំទោស ជាសារណៈឡើងវិញ ដោយកន្លងទៅខ្លួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ចំពោះរឿងនេះ ដូច្នេះលោកត្រូវផ្សាយបំភ្លឺសាធារណជន ឡើងវិញ និងសុំ ទោសជាធារណៈ ចំពោះ បងប្អូនប្រជាពល រដ្ឋ ដែលលោកកំពុងតាមដាន នូវសភាពការណ៏ជំងឺថ្មីបែបនេះ ដោយយកចិត្ដទុកដាក់ បំផុតនោះផងដែរ ។
លោកប្រធានមន្ទីរពេទ្យរុស្សីបាន បញ្ជាក់ថា ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករណីនៅលើខ្លួនជនជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ ។
ប្រធានមន្ទីរពេទ្យរុស្សី បានបញ្ជាក់ថា មន្ទីរពេទ្យរុស្សីរហូតមកដល់ពេលនេះ ទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ ។ មេរោគនេះ ត្រូវបាន រកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន ចូលមកដល់ខេត្តព្រះ សីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ ជនជាតិចិនរូបនោះ មកជាមួយក្រុមគ្រួសារ ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសាររបស់គាត់ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាបានឆ្លងជំងឺកាចសាហាវនេះឡើយ ។
ពាក់ព័ន្ធនឹង ស្ថានភាពជំងឺជនជាតិចិនខាងលើនេះវិញ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ ហើយកំពុងវិលទៅរកភាពប្រសើរឡើង៕ សំរិត