ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការអនុវត្តត្រួតពិនិត្យជាតិអាកុលនៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឆ្លងកាត់ក៏ឃាត់ និងឆែករកឃើញកាំបិតប៉័ងតោដាក់ក្រោមកែបម៉ូតូ ហើយសាកសួរទើបដឹងថាជាម៉ូតូលួចចេញពីខេត្តតាកែវ ទើបចាប់វាយខ្នោះតែម្ដងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។
ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបានមាន៖ ទី១ ឈ្មោះ ទុំ កន ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រសាំងពល ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ និងទី២ឈ្មោះ សែប ទូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា មុខពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់គឺកម្លាំងនគរបាននៃអធិការនគរបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យជាតិអាកុលនៅតាមបណ្ដោយផ្លូវ២១៧ មុខអធិការនគរបាលខណ្ឌដង្កោ ហើយដោយឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមិនមានស្លាកលេខក៏ឃាត់សួរនាំ និងឆែករកឃើញកាំបិតប៉័ងតោមួយដែលជនសង្ស័យដាក់នៅខាងក្រោមកែបម៉ូតូ ។ ដោយឃើញបែបនេះទើបកម្លាំងធ្វើឃាត់ខ្លួនយកមកសួរនាំបន្ថែមទើបជនសង្ស័យឆ្លើយសារភាពថា ជាម៉ូតូដែលពួកគេលួចកាច់សោរករចេញពីភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨ និង០០នាទី នៅពេលដែលម្ចាស់ ដាក់បញ្ឈរចោលនៅខាងមុខផ្ទះ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងប្រគល់ជូននគរបាលស្រុងគីរីវង់ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ