ព័ត៌មានទាន់ហេតុការណ៍៖

បំពាក់​ម៉ាស៊ីន​ស្កែន​ត្រួតពិនិត្យ​ភ្ញៀវ​រកវីរុសកូរ៉ូណានៅច្រកទ្វារព្រំដែនអន្តរជាតិ​ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ​ក្រសួងសុខាភិបាល​បានមក​ប្រកាស​ឲ្យ​មានការ​ត្រួតពិនិត្យ​ដោយ​បំពាក់ម៉ាស៊ីនស្កែន (Scan)​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ដើម្បី​ស្កែនរក​មេរោគ​កូ​រ៉ូ​ណា​ប្រចាំការ​២៤​ម៉ោង ​ដើម្បី​ស្កែន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ដែល​ចូលមក​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ ។

បើតាមលោកង៉ូវសុខា អនុប្រធាន​ច​ត្តា​ឡី​សាក់​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​បំពាក់​ម៉ាស៊ីន​ស្កែន​ដើម្បី​ត្រួតពិនិត្យ​រោគសញ្ញា​នៃ​មេរោគ​ផ្លូវដង្ហើម​ថ្មី​ឈ្មោះ ​កូ​រ៉ូ​ណា គ្រប់​ភ្ញៀវ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​ពុំទាន់​រកឃើញ​មាន​ភ្ញៀវ​ណា​ម្នា​ក់មាន​ផ្ទុក​ជម្ងឺ​ផ្លូវដង្ហើម​ថ្មី​(​កូ​រ៉ូ​ណា​)​ នៅឡើយ​ទេ​ ។ ​

ប្រភព​បន្តទៀតថា​ បើតាម​​ការសង្កេត​ភ្ញៀវ​ចូលមក​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​នេះ ​មាន​គ្រប់​ជាតិ​សា​សគឺ​ពួកគេ​មានការ​យល់ដឹង​ច្រើន​មាន​ពាក់​ម៉ាស់​ការពារ​សុវត្ថិភាព​ប្រមាណ​៧០ភាគរយ​ហើយ​ភ្ញៀវ​ដែល​ពុំមាន​ពាក់​ម៉ាស​មន្ត្រី​ច​ត្តា​ឡី​សាក់​ប្រចាំការ​នៅ​បញ្ជរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​ចែក​ម៉ាស់​ឲ្យ​ភ្ញៀវ​ពាក់​ហ្វ្រី​ដោយ​ឥតគិតថ្លៃ​ ។ ​

លោកង៉ូវសុខា ក៏បាន​បញ្ជាក់​ផងដែរ​ថា មន្ត្រី​ច​ត្តា​ឡី​សាក់​ត្រូវបាន​ក្រសួងសុខាភិបាល​ឲ្យ​ដក​កម្លាំង​ចេញពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​ទើបតែ​ក្រសួង​ឲ្យ​ដាក់​វិញ​នៅ​ថ្ងៃទី​១១ ខែ​មករា ​ឆ្នាំ​២០២០​កន្លងមកនេះ​ ។ ​

ការត្រួតពិនិត្យរោគកូរ៉ូណានេះដោយ​បំពាក់​ម៉ាស៊ីន​ស្កែន​គ្រប់​ភ្ញៀវ​ទាំងអស់​ប្រសិនបើ​មាន​រោគសញ្ញា​សង្ស័យ​មន្ត្រី​ជំនាញ​នាំ​ភ្ញៀវ​នោះ​ចូលក្នុង​បន្ទប់​សុវត្ថិភាព​ពិនិត្យ​ និង​វាស់​កំដៅ​សារជាថ្មី​បើ​រកឃើញថា​វិជ្ជមាន​(​កូ​រ៉ូ​ណា​) ​នៅលើ​ភ្ញៀវ​មន្ត្រី​ច​ត្តា​ឡី​សាក់​ត្រូវ​ពាក់​សំលៀកបំពាក់​ការពារ​សុវត្ថិភាព​ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​អាគារ​សុវត្ថិភាព​ឲ្យ​ដេក​នៅលើ​គ្រែពេទ្យ​ដែលមាន​បំពាក់​បំពង់ខ្យល់​អុក​ស៊ី​ស៊ែ​ន​ និង​មាន​គ្រូពេទ្យ​ប្រចាំការ​ពិនិត្យ​តាមដាន​ និង​សង្គ្រោះ​ ។ ​បើ​ត្រូវបញ្ជូន​ជនរងគ្រោះ​​ក៏មាន​រថយន្ត​សាមុយ​១​គ្រឿង​យកមក​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​មក​ប្រចាំការ​២៤​ម៉ោង​ដោយមាន​បំពាក់​បរិក្ខា​រពេទ្យ​ និង​គ្រូពេទ្យ​ត្រៀម​ប្រចាំការ​ ៕ យឹម សុថាន


ចែករំលែក៖