ខេត្តរតនគីរី: អគ្គិភ័យមួយបានឆេះបន្ទះឈើស្តើងៗ (ក្តារកុងផ្លាកកេ) ដែលដាក់ហាលកម្តៅថ្ងៃ នៅក្នុងទីតាំង សិប្បកម្មផលិតគ្រឿងសង្ហារឹម មួយកន្លែងបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រចាពលរដ្ឋជិតខាង និងអាជ្ញាធរមូលដ្ឋានចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជាងមួយម៉ោងទើបភ្លើងរលត់ជាស្ថាពរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល ១០ និង២០នាទីយប់ថ្ងៃអាទិត្យ ៩ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងទី២ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងទីតាំង សិប្បកម្មផលិតគ្រឿងសង្ហារឹមយីហោ“ឡៅ វ៉ៃ” ស្ថិតនៅភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតហេតុដោយទំនងនៅក្នុងរោងសិប្បកម្មមួយនេះក្រុមកម្មករដុតសំរាមធ្វេសប្រហែសហើយមិនពន្លត់ភ្លើងឲ្យបានត្រឹមត្រូវ ជាហេតុធ្វើឲ្យភ្លើងឆេះរាលដាលដល់ពំនូកក្តារកុងផ្លាកកេស្ងួតស្តើងៗយ៉ាងសន្ធោសន្ធៅតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុដោយមានកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការជួយសហការគ្នា កងកម្លាំង បានចេញកម្លាំងទៅពន្លត់អគ្គិភ័យមួយនេះ មិនឲ្យឆេះរាលដាលដល់កន្លែងផ្សែង ទទួលបានជោគជ័យ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ៣ រថយន្ត ក្ណុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបរកែវចំនួន២ គ្រឿងនិង រថយន្តពន្លត់អគ្គិភ័យស្រុកអូរយ៉ាដាវ ១គ្រឿង ដោយចំណាយពេលជាង១ម៉ោងទើបភ្លើងរលត់ជាស្ថាពរ ខណៈខូចខាតបន្ទះឈើស្តើងៗជា ក្តារកុងផ្លាកកេ អស់មួយចំនួនធំ នោះ៕ ប្រាថ្នា