ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកូរ៉ូណាជះឥទ្ធិពលយ៉ាងខ្លាំង​ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ ចិន និងបណ្តាប្រទេសជុំវិញពិភពលោក

ចែករំលែក៖

គ្រាន់តែការកាត់ផ្តាច់ជើងហោះហើរធ្វើឲ្យចិន និងប្រទេសជាច្រើន ត្រូវខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារ ។ មិនតែប៉ុណ្ណោះ​ទីផ្សារ មូលម័ត្រ(ភាគហ៊ុន) នៅចិនធ្លាក់ចុះយ៉ាងខ្លាំងដោយសារវីរុសកូរ៉ូណា។

ទីផ្សារភាគហ៊ុនចិន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៣ ខែមករា រហូតមកដល់ពេលនេះ ហើយពិភពលោក បានបិទជើងហោះហើររបស់ខ្លួនដោយទុកប្រទេសចិនឲ្យនៅតែឯង លើកលែងតែកម្ពុជាមួយ។

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើតឡើង រហូតដល់៣៦១នាក់ និងមានអ្នកឆ្លងនូវវីរុសនេះ កើនឡើងប្រហែល២ម៉ឺននាក់។ រីឯទីផ្សារភាគហ៊ុន និងទំនិញផ្សេងៗ នៅក្នុងទីផ្សាររបស់ប្រទេសចិន នៅថ្ងៃទី៣ ខែមករា នេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារវិនិយោគិននានា កំពុងតែខ្វាយខ្វល់អំពីសុវត្ថិភាព និងសុខភាពរបស់ពួកគេ សំខាន់ជាងវិស័យពាណិជ្ជកម្ម។

ទីផ្សារភាគហ៊ុន និងទីផ្សារទំនិញ នៅក្នុងប្រទេសចិន បានដាំក្បាលចុះ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ដោយសារតែការផ្ទុះនូវមេរោគផ្លូវដង្ហើមដ៏កាចសាហាវកូរ៉ូណា នៅក្នុងទីក្រុងវូហាន (Wuhan) ខេត្ត ហូប៉ី (Hubei) ប្រទេសចិន។

បើយោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានថ្លែងថា បើគិតត្រឹម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើតឡើង រហូតដល់៣៦១នាក់ និងអ្នកឆ្លងជំងឺនេះ បានកើនឡើង ១៧២០៥នាក់។ រីឯអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ ក៏បានប្រកាសអាសន្នអំពីវីរុសកូរ៉ូណា នេះផងដែរ។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា សន្ទស្សន៍ទីផ្សារសៀងហៃ បានធ្លាក់ចុះ៨ភាគរយ ជាកម្រិតទាប ក្នុងរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទ ទី៣ ខែមករា ដោយបានខាតបង់ជិត៣៧០ពាន់លានដុល្លារអាមេរិក។ ដោយឡែក ជើងហោះនានារបស់ពិភពលោក បានរឹតបន្ដឹងការហោះហើររបស់ខ្លួន ទៅកាន់ប្រទេសចិន រួមមាន អាមេរិក ថៃ ជប៉ុន ហុងកុង អូស្រ្ដាលី សិង្ហបុរី…ជាដើម។

ដើម្បីទប់ស្កាត់ការធ្លាក់ចុះ សេដ្ឋកិច្ចពាណិជ្ជកម្ម ​ដែល​គំរាមកំហែង​ដោយ​មេរោគកូរ៉ូណាថ្មី ធនាគារកណ្តាល​ចិន​បាន​ប្រកាស​បញ្ចេញ​លុយ​ជាង ១៧១ ០០០លានដុល្លារ។

ប្រតិបត្តិការ​បញ្ចេញ​ប្រាក់​របស់​ធនាគារកណ្តាល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី៣ កុម្ភៈ ពោល​ចំ​ថ្ងៃ​ដែល​ផ្សារមូលប័ត្រ​បើក​ទ្វារ​ជា​ថ្មី បន្ទាប់​ពី​បាន​ឈប់​សម្រាក​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បាន​ពន្យារ​ពេល​បិទ​ទ្វារ​ដោយសារ​មេរោគកូរ៉ូណា​ថ្មី។ ធនាគារកណ្តាល​ចិន​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ​ថា អន្តរាគមន៍​របស់​ខ្លួន​មាន​គោលដៅ​ជួយ​រក្សា​បរិមាណ​សាច់ប្រាក់​សមហេតុផល​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រព័ន្ធហិរញ្ញវត្ថុ និង​សម្រាប់​ស្ថិរភាព​ទីផ្សារ​ប្តូរប្រាក់។ ក្នុង​ថ្ងៃ​សៅរ៍ ទី១ កុម្ភៈ ធនាគារកណ្តាល​ចិន​ក៏​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ទំនុកបម្រុង​ដល់​ក្រុមហ៊ុន សហគ្រាស​ដែល​រួម​ចំណែក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី។

មេរោគកូរ៉ូណាថ្មី​ដែល​កំពុង​មាន​សន្ទុះ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដូច​ជា​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​លោក។ តាម​ក្រុម​អ្នកវិភាគ មេរោគផ្លូវដង្ហើម​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​បាត់​បង់​ទឹកប្រាក់​សរុប​ជាង ១៤០ ០០០លានដុល្លារ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ជា​ច្រើន ពិសេស​ទេសចរណ៍ និង​ភោជនីយដ្ឋាន។ ចិន​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ខ្លាំង​គិត​ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​សង្ឃឹម​មាន​សន្ទុះ​ឡើង​វិញ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​កាល​ពី​ខែ​មករា​ក្នុង​ជម្លោះ​សង្រ្គាមពាណិជ្ជកម្ម។ តែ​ក្តីសង្ឃឹម​ហាក់​កំពុង​ញាំញី​ដោយ​មេរោគកូរ៉ូណាថ្មី។ រហូត​មក​ដល់​ពេល​នេះ ធនាគារ​កណ្តាល​ចិន​បាន​បញ្ជាក់​ពី​ផលវិបាក​សេដ្ឋកិច្ច​មាន​កម្រិត។

តែ​អ្នកជំនាញ​មួយ​ចំនួន​នៅ​ចិន ដូច​យ៉ាង​លោក Zhang Mong មក​ពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ចិន​ដែល​កាសែត​អង់គ្លេស The Guardian បាន​ស្រង់​សម្តី​យល់​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​ចិន​ប្រចាំ​ឆ្នាំ​ចិន​សម្រាប់​ត្រីមាសទី១ ឆ្នាំ ២០២០ អាច​ធ្លាក់​នៅ​ក្រោម ៦%។ គួរ​រម្លឹក​ថា ចិន​ធ្លាប់​បាន​ហែល​ឆ្លង​ដោយ​ជំងឺ​សារស៍​លើកទី១ ក្នុង​ឆ្នាំ ២០០២។ តែ​ខុស​ពី​ជំងឺ​សារស៍ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​លឿន​ដើម្បី​ប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី​ដោយ​បាន​ចំណាយ​ប្រាក់​ចំនួន ៩ ០០០លានដុល្លារ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ចិន​សព្វថ្ងៃ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។

បើ​មេរោគផ្លូវដង្ហើម​ថ្មី​នេះ​រីករាលដាល​កាន់​តែ​ធំ ផលវិបាក​សេដ្ឋកិច្ច​នឹង​មាន​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​រងគ្រោះ​ស្រាប់ និង​នៅ​លើ​ពិភពលោក​ដែល​ផលិផល​ចំនួន ១ភាគ៤ ផលិត​ក្នុង​ប្រទេស​ចិន៕


ចែករំលែក៖