ខេត្តព្រៃវែង: ផ្ទះឈើមួយខ្នងមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ដំបូលប្រក់ក្បឿង បានក្លាយជាចំណីព្រះអគ្គីតែមួយប៉ប្រិចភ្នែក ដោយសារឆ្លងចរន្តអគ្គិសនី និងគ្រាដែលម្ចាស់មិននៅផ្ទះ ។
ហេតុការណ៍មានអគ្គិភ័យនេះកើតមានឡើងកាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃ អាទិត្យ ៩ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃបានឲ្យដឹងថា ផ្ទះមួយខ្ងដែលរងដោយអគ្គិភ័យលេបត្របាក់ទាំងស្រុងនេះ ជាកម្មសិទ្ធិរបស់ ជនរងគ្រោះឈ្មោះ ច ឡេង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគ្រាដែលម្ចាស់ផ្ទះមិននៅ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្នុងផ្ទះ ដែលគេសង្ស័យថាកើតឡើងដោយសារទុស្សេខ្សែភ្លើង ហើយក្រោយមកក្លាយជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងករណីនេះកម្លាំងសមត្ថកិច្ចនគរបាលស្រុក ស៊ីធរកណ្តាល បានយករថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ តែហាក់ដូចជាយឺតពេលបន្តិចហើយ ដោយសារភ្លើងឆេះផ្ទះ និងទ្រព្យសម្បត្តិគ្មានសល់ទៅហើយនោះ ៕ សតារា